(ហ្សាការតា)៖ ភ្នំភ្លើង មើរ៉ាពី (Merapi) ដ៏សកម្មបំផុតរបស់ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃចន្ទនេះ បានផ្ទុះឡើងយ៉ាងកក្រើក០២ដងដោយបានជះកម្អែរផេះ ដ៏ក្ដៅគគុករបស់វាឡើងកប់ផ្ទៃអាកាសក្នុងរយៈកម្ពស់រហូតដល់ ១,៥០០ម៉ែត្រទៅកាន់ភាគនិរតី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១។

ប្រធានទីភ្នាក់ស្រាវជាវ និងអភិវឌ្ឍបច្ចេកវិទ្យាគ្រោះមហន្តរាយភូគព្ភសាស្រ្តឥណ្ឌូណេស៉ី លោក Hanik Humaida បានគូសបញ្ជាក់ថា ការផ្ទុះលើកដំបូង បានកើតឡើងនៅម៉ោង ០២៖០៣នាទីទាបភ្លឺ (ម៉ោងក្នុងស្រុក) ក្នុងរយៈពេល១៣៤វិនាទីជាមួយនឹងអំភ្លីទូត ៤០មីលីម៉ែត្រ និងបានជះកម្អែរផេះដ៏ក្ដៅគគុក របស់វាឡើងកប់ផ្ទៃអាកាសក្នុងរយៈកម្ពស់ ១,៣០០ម៉ែត្រទៅកាន់ភាគនិរតី។

ការផ្ទុះលើកទី ២ បានកើតឡើងនៅម៉ោង ០៥៖១១នាទីព្រឹក (ម៉ោងក្នុងស្រុក) ក្នុងរយៈពេល ១៥០វិនាទីជាមួយនឹងអំភ្លីទូត ៤៨មីលីម៉ែត្រ និងបានជះកម្អែរផេះ ដ៏ក្ដៅគគុករបស់វាឡើងកប់ផ្ទៃអាកាសក្នុងរយៈកម្ពស់ ១,៥០០ម៉ែត្រទៅកាន់ភាគនិរតី។ ក្រៅពីនេះក្នុងកំឡុងម៉ោង១២៖០០នាទីយប់ ដល់ម៉ោង ០៦៖០០នាទីព្រឹក (ម៉ោងក្នុងស្រុក) ភ្នំភ្លើង Merapi នេះក៏បានបញ្ចេញកម្អែរភ្លើងដ៏ក្ដៅគគុករបស់វាចំនួន០៥ដងផងដែរ ដែលបានហូរចុះមកចម្ងាយ១,០០០ម៉ែត្រ ទៅកាន់ទិសនិរតី។

គួរបញ្ជាក់ថា ភ្នំភ្លើង Merapi ដែលមានកម្ពស់ជិត ៣,០០០ម៉ែត្រនេះមានទីតាំងស្ថិតនៅតាមព្រំប្រទល់នៃខេត្តជ្វាកណ្ដាល (Central Java) និងខេត្តយ៉ូកយ៉ាការតា (Yogyakarta)។ ការផ្ទុះដ៏សាហាវរបស់ភ្នំភ្លើងនេះបានសម្លាប់មនុស្សជាង២០០នាក់ និងបានបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ កាលពីឆ្នាំ២០១០៕