(តៃប៉ិ)៖ យន្តហោះចម្បាំងតៃវ៉ាន់ចំនួន០២គ្រឿង បានធ្លាក់នៅថ្ងៃចន្ទនេះ ខណៈវាជាឧបទ្ទវហេតុស្រដៀងគ្នាលើកទី៣ហើយ ក្នុងរយៈពេល០៦ខែចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១។

អាជ្ញាធរតៃវ៉ាន់បានប្រាប់ថា យន្តហោះចម្បាំងធុន F-5E ០២គ្រឿងរបស់កងទ័ពអាកាសតៃវ៉ាន់ ដែលក្នុងមួយគ្រឿងមានអាកាសយានិកជិះចំនួនម្នាក់ បានធ្លាក់ចូលទៅក្នុងផ្ទៃសមុទ្រនៅភាគអាគ្នេយ៍នៃដែនដីកោះនេះ ក្រោយពីពួកវាទំនងជាបានហោះប៉ះទង្គិចគ្នាលើអាកាស កំឡុងបេសកកម្មហ្វឹកហ្វឺនមួយ។ អាកាសយានិករបស់យន្តហោះទាំងពីរគ្រឿង កំពុងស្ថិតក្រោមការស្វែងរកនិងជួយសង្រ្គោះ។

គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២០ យន្តហោះចម្បាំងតៃវ៉ាន់ F-5 មួយគ្រឿង បានធ្លាក់ ហើយអាកាសយានិកយន្តហោះនោះបានស្លាប់។ ចំណែកមួយខែក្រោយមក គឺនៅខែវិច្ឆិកា ឆ្នាំដដែល យន្តហោះចម្បាំងធុន F-16 មួយគ្រឿង បានធ្លាក់នៅភាគខាងកើតកោះតៃវ៉ាន់ ហើយអាកាសយានិកយន្តហោះនោះ ក៏បានបាត់បង់ជីវិតដូចគ្នាដែរ៕