(បាងកក)៖ ប្រទេសថៃនៅថ្ងៃចន្ទនេះបានចាប់ផ្ដើមការធ្វើតេស្ដវ៉ាក់សាំង COVID-19 លើមនុស្សហើយ ជាមួយរំពឹងថាអាចនឹងដាក់ ឱ្យប្រើប្រាស់នៅឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១។

វ៉ាក់សាំង COVID-19 ផលិតនៅក្នុងស្រុករបស់ថៃ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនឱសថរដ្ឋ GPO (Government Pharmaceutical Organization) សហការជាមួយសាកលវិទ្យាល័យ ម៉ាហ៊ីដុល (Mahidol University) និងអង្គការក្រៅរដ្ឋាភិបាលមួយរបស់សហរដ្ឋអាមេរិក ហើយវ៉ាក់សាំងនេះទៀតសោតប្រើប្រាស់បច្ចេកវិទ្យាវីរុសងាប់ ឬ inactivated virus ដើម្បីដាស់ឱ្យប្រព័ន្ធភាពសុំាប្រឆាំងនឹងវីរុសកូរ៉ូណា COVID-19។

លោក ភីយ៉ាសាកុល សាកុលសត្យាដន (Piyasakol Sakolsatayadorn) សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ម៉ាហ៊ីដុល បានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «វ៉ាក់សាំងនេះផលិតដោយជនជាតិថៃ សម្រាប់ជនជាតិថៃ ហើយវាត្រូវបានរំពឹងថា អាចនឹងរួចរាល់សម្រាប់ការប្រើប្រាស់នៅឆ្នាំក្រោយ»

គួរបញ្ជាក់ថា ក្រៅពីថៃ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាវៀតណាមកាលពីសប្ដាហ៍មុន ក៏បានប្រកាសផងដែរថា វ៉ាក់សាំងផលិតនៅក្នុងស្រុករបស់ខ្លួន អាចនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅត្រីមាសទី ៤ នៃឆ្នាំ២០២១ ខណៈវាកំពុងស្ថិតនៅក្រោមការធ្វើតេស្ដលើមនុស្ស៕