(ប៉ារីស)៖ នៅពេលនិយាយដល់វិស័យវេជ្ជសាស្ត្រ ឬវ៉ាក់សាំង គេគ្រប់គ្នាប្រហែលជានឹកឃើញមុនគេដល់បារាំងដែលជាប្រទេសមួយត្រូវបានចាត់ទុកថា ជាបិតាវ៉ាក់សាំងនៃមនុស្សជាតិសម័យទំនើបដោយមានវិទ្យាស្ថានប៉ាស្ទ័រ (Pasteur Institute) ដ៏មានឈ្មោះល្បីល្បាញ។ វិទ្យាស្ថានប៉ាស្ទ័រយកឈ្មោះតាម អ្នកវិទ្យាសាស្ត្របារាំងលោក ល្វីស ប៉ាស្ទ័រ (Louis Pasteur) ដែលជាអ្នករកឃើញ និងបង្កើតវ៉ាក់សាំងមុនគេបំផុតក្នុងឆ្នាំ១៨៨៥។

ក៏ប៉ុន្តែ ខណៈបណ្ដាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហជាជាតិចំនួន៤ផ្សេងទៀតដូចជា សហរដ្ឋអាមេរិក អង់គ្លេស រុស្ស៊ី និងចិនសុទ្ធតែទទួល បានជោគជ័យនៅក្នុងការអភិវឌ្ឍ និងផលិតវ៉ាក់សាំង COVID-19 បារាំងបែរជាមិនអាចផលិតបានវ៉ាក់សាំង COVID-19 ទៅវិញ។ វិទ្យាស្ថានប៉ាស្ទ័រកាលពីថ្ងៃទី២៥ ខែមករាកន្លងទៅ បានប្រកាសបោះបង់ចោលការអភិវឌ្ឍបេក្ខភាពវ៉ាក់សាំង COVID-19 របស់ខ្លួនដោយសារតែបរាជ័យក្នុងការធ្វើតេស្ដ។ រីឯក្រុមហ៊ុនបារាំងដ៏ធំ Sanofi ក៏បានប្រកាសពីការផ្អាកការធ្វើតេស្ដបេក្ខភាពវ៉ាក់សាំងរបស់ខ្លួនផងដែរ ដោយថែមទាំងសុខចិត្តប្រើប្រាស់រោងចក្ររបស់ខ្លួនក្នុងទីក្រុងហ្វ្រែងហ្វឺត (Frankfurt) ប្រទេសអាល្លឺម៉ង់ដើម្បីជួយផលិតវ៉ាក់សាំង១២៥លានដូសសម្រាប់ក្រុមហ៊ុនអាល្លឺម៉ង់ Biontech និងក្រុមហ៊ុនអាមេរិក Pfizer ដែលជាគូប្រជែង របស់ខ្លួនឯងទៀតផង។

បរាជ័យក្នុងការអភិវឌ្ឍវ៉ាក់សាំងរបស់វិទ្យាស្ថានប៉ាស្ទ័រ និងក្រុមហ៊ុន Sanofi ត្រូវបានមជ្ឈដ្ឋានខ្លះយល់ថាជាការធ្លាក់ចុះនៃកិត្យានុភាពជាតិខាងវិទ្យាសាស្ត្រ ហើយខ្លះគិតថាជារឿងដ៏អាម៉ាស់ រីឯអ្នកខ្លះទៀតកំពុងចោទសួរសំនួរថាតើមកពីហេតុអ្វី?

* កង្វះខាតការគាំទ្រពីរដ្ឋ?

ទីភ្នាក់ងារហិរញ្ញវត្ថុសម្រាប់ការសិក្សាស្រាវជ្រាវនៃរដ្ឋាភិបាលបារាំង (ANR) ត្រូវបានគេមើលឃើញថាមានភាពយឺតយ៉ាវក្នុងការផ្ដល់ហិរញ្ញវត្ថុ ឬមូលនិធិសម្រាប់ ការសិក្សាស្រាវាជ្រាវអភិវឌ្ឍវ៉ាក់សាំង COVID-19។ វិទ្យាស្ថានប៉ាស័្ទរមានអ្នកស្រាវជ្រាវជាង ២,០០០នាក់។ ប្រធានក្រុមអ្នកស្រាវជ្រាវនៃវិទ្យាស្ថានប៉ាស័្ទរ លោក កាមី ឡុត ( Camille Locht) បានប្រាប់សារព័ត៌មានបារាំង ឡឺ ហ្វីហ្គារ៉ូ (Le Figaro) កាលពីពេលថ្មីៗនេះថាវិទ្យាស្ថានត្រូវរង់ចាំជាច្រើនខែ ទើបទីភ្នាក់ងារ ANR សម្រេចចិត្តបញ្ចេញកញ្ចប់ថវិកាគាំទ្រលើការធ្វើតេស្ដវ៉ាក់សាំងលើមនុស្ស (clinical trials) កាលពីខែមិថុនា ឆ្នាំ២០២០។

ជុំវិញភាពយឺតយ៉ាវនេះដែរ លោកស្រី អាន ប៊ូស៊ែរ (Anne Bucher) ជាអគ្គនាយកផ្នែកសុខាភិបាលនៃគណៈកម្មការអឺរ៉ុបក៏បានសន្និដ្ឋានដូចគ្នាដែរថាការគាំទ្រ ផ្នែកហិរញ្ញវត្ថុពីរដ្ឋ សម្រាប់ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍវ៉ាក់សាំងគឺជាបញ្ហាចម្បងមួយ។ លោកស្រី អានបន្ថែមដោយលើកឧទាហរណ៍ថាសហរដ្ឋអាមេរិក បានបង្កើនកញ្ចប់ថវិកាលើការអភិវឌ្ឍវ៉ាក់សាំងចាប់តាំងពីឆ្នាំ២០០០មកម្ល៉េះ។ លើសពីនេះទៅទៀត រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំនៃអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំបានចំណាយប្រាក់រាប់រយពាន់លានដុល្លារគាំទ្រដល់ការសិក្សាស្រាវ និងការអភិវឌ្ឍវ៉ាក់សាំងក្រោមគំនិតផ្ដួចផ្ដើមប្រតិបត្តិការ ផ្លេកបន្ទោរ ឬ «Operation Warp Speed» ខណៈសហភាពអឺរ៉ុបទាំងមូលបានចំណាយត្រឹមតែ៣ពាន់លានដុល្លារតែប៉ុណ្ណោះ។

* មិនហ៊ានប្រថុយ និងខ្វះគំនិតច្នៃប្រឌិត?

បច្ចេកវិទ្យា ARN messager គឺជាបច្ចេកវិទ្យាថ្មីសន្លាងដែលត្រូវបានគេប្រើប្រាស់ក្នុងការផលិតវ៉ាក់សាំង។ តែបច្ចេកវិទ្យានេះត្រូវបានក្រុមហ៊ុន Sanofi ចាត់ទុកថា មានហានិភ័យខ្ពស់ពេក។ ចំណែកឯ វិទ្យាស្ថានប៉ាស្ទ័រវិញសម្រេចចិត្តប្រើប្រាស់បច្ចេកវិទ្យាវ៉ាក់សាំងកញ្ជ្រឹលដើម្បីផលិតវ៉ាក់សាំង COVID-19 ពោលគឺនិយាយឱ្យខ្លី ថាទាំងក្រុមហ៊ុន Sanofi និងវិទ្យាស្ថានប៉ាស្ទ័រមិនហ៊ានប្រថុយសិក្សាលើបច្ចេកវិទ្យាថ្មីៗ ដោយសុខចិត្តជ្រើសរើសយកបច្ចេកវិទ្យាផលិតវ៉ាក់សាំងដែលពួកគេ ស្គាល់ច្បាស់។

តែផ្ទុយពីស្ថាប័នបារាំងទាំង២ ក្រុមហ៊ុនអាមេរិកដូចជាក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Moderna ឬក្រុមហ៊ុន AstraZenecca បានប្រថុយនឹងហានិភ័យក្នុងការផលិត វ៉ាក់សាំងតាមបច្ចេកវិទ្យាថ្មី។ ជាក់ស្ដែងក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Moderna បានប្រើប្រាស់បច្ចេកវិទ្យា ARN messager ឬ mRNA ដើម្បីវ៉ាក់សាំង COVID-19 របស់ពួកគេដែលជាបច្ចេកវិទ្យាថ្មីសន្លាងបំផុត។

សេដ្ឋកិច្ចវិទូបារាំង លោក ហ្រ្វេដេរិច ប៊ីហ្សាដ (Frédéric Bizard) និងជាអ្នកជំនាញខាងវិស័យវេជ្ជសាស្ត្រ និងសុខាភិបាលបាននិយាយថាសមត្ថភាពរបស់បារាំង ផ្នែកជីវបច្ចេកវិទ្យា (biotechnology) នៅមានកម្រិតនៅឡើយ បើធៀបទៅនឹងប្រទេសជឿនលឿនធំៗដទៃ។ «ការសិក្សាស្រាវជ្រាវរបស់បារាំងតែងតែផ្អែកលើ មូលដ្ឋានភាពខ្លាំងរបស់ខ្លួននៅក្នុងបច្ចេកវិទ្យាចាស់ៗ។ ប៉ុន្តែបច្ចេកវិទ្យាទាំងនេះវាលែងជាស្ថិតនៅជួរមុខទៀតហើយ...បារាំងគួរតែប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ជីវបច្ចេកវិទ្យា»។ នេះគឺជាការគូសបញ្ជាក់របស់លោក ហ្រ្វេដេរិច ប៊ីហ្សាដ។

គួរបញ្ជាក់ថា បារាំង នៅក្នុងសប្ដាហ៍នេះបានប្រកាសបិទខ្ទប់ប្រទេសជាលើកទី៣ ដោយគ្របដណ្ដប់លើខេត្តក្រុងចំនួន១៦ បន្ទាប់ពីករណីឆ្លង COVID-19 ហក់ឡើង ខ្ពស់ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ខណៈប្រជាជនបារាំងនៅតែសង្ស័យ និងរារែកក្នុងការចាក់វ៉ាក់សាំង។ បើតាមការស្ទង់មតិចេញផ្សាយដោយសារព័ត៌មាន Euronews កាលពីពេលថ្មីៗនេះ ប្រជាជនបារាំងដែលត្រូវបានសម្ភាសន៍ មាន៤២ភាគរយនិយាយថាពួកគេនឹងមិនចាក់វ៉ាក់សាំង និង២១ភាគរយ មិនទាន់ប្រាកដថាតើគួរចាក់ ឬមិនចាក់ ហើយមានតែ៣៧ភាគរយប៉ុណ្ណោះអះអាងថាពួកគេនឹងចាក់វ៉ាក់សាំង៕

ប្រភព៖ Bloomberg, France24 (ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១)