(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃចន្ទនេះបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧៣នាក់បន្ថែមទៀត ខណៈអ្នកជំងឺម្នាក់ទៀតបានស្លាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១។

CCSA បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៧៣ករណីខាងលើនេះ មាន ៦៦ករណី ជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន ៣៣ករណី ត្រូវបានរកឃើញនៅខេត្ត សាមុត សាខន (Samut Sakhon), ២១ករណីនៅទីក្រុង បាងកក (Bangkok), និង ០៦ករណីនៅខេត្ត ផាទុម ថានី (Pathum Thani), ០១ករណីនៅខេត្ត ណាខន ផាធំ (Nakhon Pathom), ០១ករណីនៅខេត្ត សាមុត ប្រាកាន (Samut Prakan), ០១ករណីនៅខេត្ត នុនថាបុរី (Nonthaburi), ០១ករណីនៅខេត្ត ឈុនបុរី (Chonburi), ០១ករណីនៅខេត្ត រ៉ាត់ឆាបុរី (Ratchaburi), និង ០១ករណីទៀតនៅខេត្ត ភីតឆាបុរី (Petchaburi)។ ចំណែកឯ ០៧ករណីផ្សេងទៀត ជាករណីនាំចូល ត្រូវបានរកឃើញនៅលើអ្នកដំណើរ ដែលបានវិលត្រលប់មកពីបរទេសវិញ។

CCSA បានគូសបញ្ជាក់បន្ថែមថា អ្នកជំងឺម្នាក់ដែលបានស្លាប់នោះ គឺជាបុរសម្នាក់ដែលមានអាយុ ៦០ឆ្នាំ រស់នៅទីក្រុងបាងកក ដោយបុរសរូបនោះ មានជំងឺប្រចាំកាយជាច្រើន រួមទាំងជំងឺមហារីកសួតផងដែរ។ គាត់បានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19 នៅថ្ងៃទី១៥ ខែមីនា និងបានទទួលមរណភាពនៅថ្ងៃទី១៨ ខែមីនា។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៧,៨៧៦ករណី ក្នុងនោះមានអ្នកស្លាប់ ៩១នាក់ និងអ្នកជាសះស្បើយឡើងវិញ ២៦,៦៦៣នាក់៕