(វ៉ាស៉ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចេញមុខរិះគន់រដ្ឋបាលរបស់ប្រធានាធិបតីបច្ចុប្បន្នគឺលោក ចូ បៃដិន ជុំវិញបញ្ហាអន្តោប្រវេសន៍ នៅតំបន់ព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិចស៉ីកូ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១។

ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យ ទី២១ ខែមីនា (ពេលវេលានៅអាមេរិក) លោក ត្រាំ បាននិយាយយ៉ាងដូច្នេះថា «យើងបានបន្សល់ទុកឲ្យរដ្ឋបាលលោក បៃដិន នូវព្រំប្រទល់ដែលមានសន្តិសុខខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។ អ្វីដែលពួកគេត្រូវធ្វើ គឺគ្រាន់តែរក្សាប្រព័ន្ធនេះ ដំណើរការទៅមុខដោយស្វ័យប្រវត្តិប៉ុណ្ណោះ។ ផ្ទុយទៅវិញ ក្នុងពេលត្រឹមប៉ុន្មានសប្តាហ៍នេះ រដ្ឋបាលលោក បៃដិន បែរជាបានប្រែក្លាយជោគជ័យជាតិមួយនេះ ទៅឲ្យមហន្តរាយជាតិទៅវិញ»

លោក ដូណាល់ ត្រាំ ក៏បានបន្តទៀតថា «ផ្លូវតែមួយគត់ ដើម្បីបញ្ចប់វិបត្តិព្រំដែនរបស់លោក បៃដិន គឺពួកគេត្រូវតែទទួលស្គាល់អំពីភាព បរាជ័យសុទ្ធសាធរបស់ពួកគេ ហើយងាកទៅអនុវត្តគោលនយោបាយ ដែលប្រកបដោយប្រសិទ្ធភាព និងត្រូវបានសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ របស់អតីតរដ្ឋបាលខ្ញុំវិញ។ មួយវិញទៀត ពួកគេត្រូវចាប់ផ្តើមដំណើរការសាងសង់ជញ្ជាំងព្រំដែនវិញជាបន្ទាន់ ដោយមិនគួរបញ្ឈប់ដំណើរការវាឡើយ»

គួរបញ្ជាក់ថា ពេលលោក ដូណាល់ ត្រាំ នៅកាន់អំណាច អតីតប្រធានាធិបតីអាមេរិករូបនេះ បានមានគោលនយោបាយផ្តោតជាសំខាន់ ទៅលើការពង្រឹងសន្តិសុខនៅព្រំប្រទល់ជាមួយម៉ិចស៉ីកូ ដើម្បីបញ្ឈប់លំហូរនៃជនអន្តោប្រវេសន៍ខុសច្បាប់ និងក្រុមរត់ពន្ធគ្រឿងញៀន។ យ៉ាងណាមិញ ពេលលោក ចូ បៃដិន ឡើងកាន់អំណាច លោកបានចេញបទបញ្ជាប្រតិបត្តិជាច្រើន ដែលក្នុងនោះរួមមានទាំងការបន្ធូរ បន្ថយច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកផងដែរ ហើយចាប់តាំងពីនោះ លំហូរជនអន្តោប្រវេសន៍ក៏បានកើនឡើងខ្លាំងផងដែរ នៅព្រំប្រទល់អាមេរិក-ម៉ិចស៉ីកូ ខណៈមតិមួយចំនួននៅសហរដ្ឋអាមេរិក បានព្រមានថា វាកំពុងប្រែក្លាយជាភាពអនាធិបតេយ្យ នៅតាមព្រំដែនហើយ៕