(នីហ្សេ)៖ ប្រធានាធិបតីនីហ្សេបាននិយាយថា ប្រទេសចិនបានបរិច្ចាគវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថចិន Sinopharm ចំនួន ៤០០,០០០ដូសដល់ប្រទេសនីហ្សេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១។

ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 មានភាពយឺតយ៉ាវក្នុងការចាប់ផ្តើម នៅបណ្តាប្រទេសអាហ្វ្រិកជាច្រើន ដែលភាគច្រើនពឹងផ្អែកទៅលើ វ៉ាក់សាំងបរិច្ឆាគពីកម្មវិធីកូវ៉ាក់ (COVAX) ជាកម្មវិធីដែលដឹកនាំដោយ អង្គការសុខភាពពិភពលោក (WHO) និងអង្គការអន្តរជាតិដទៃទៀត។ ក្រៅពីនីហ្សេ ប្រទេសចិនក៏បានបរិច្ចាកវ៉ាក់សាំងបង្ការជំងឺ COVID-19 ទៅដល់បណ្តាប្រទេសអាហ្វ្រិកមួយចំនួនទៀតផងដែរ។

ប្រធានាធិបតីនីហ្សេ លោក មហាម៉ាដូ អ៊ីសសួហ្វូ (Mahamadou Issoufou) បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 នេះនៅក្នុងពិធីមួយនៅរដ្ឋធានី នីយ៉ាម៉េយ (Niamey) ដែលត្រូវបានចូលរួមដោយឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសអាហ្វ្រិកខាងលិចមួយនេះ។ លោក Issoufou បានលើកឡើងថា «នៅថ្ងៃសៅរ៍ទី២៧ ខែមីនា ឆ្នាំ២០២១ យើងនឹងចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់ប្រជាជននីហ្សេរបស់យើង ដោយប្រើប្រាស់វ៉ាក់សាំង Sinopharm នេះ»

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសនីហ្សេដែលមានប្រជាជនសរុបជាង ២៤លាននាក់ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប ៤,៩១៨នាក់ ក្នុងនោះមានអ្នកជំងឺ ១៨៥នាក់បានស្លាប់ និង ៤,៥៣៨នាក់ទៀតបានជាសះស្បើយឡើងវិញ៕