(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៣៩,៤៩៦នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤៥៥នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣០,៥២១,៧៦៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៥៥,៣១៤នាក់ និងជាសះស្បើយឡើងសរុប ២២,៧៥៤,២៥២នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យ ទី២១ ខែមីនា (ពេលវេលានៅអាមេរិក) សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងសរុបជាង ១២៤លានដូសហើយ ជូនដល់ប្រជាជនរបស់ខ្លួន ដោយក្នុងចំណោមនោះជាង ៨១លាននាក់ ទទួលបានការចាក់១ដូស និងជាង ៤៤លាននាក់ទៀត ទទួលបានការចាក់គ្រប់ដូសរួចរាល់។ សហរដ្ឋអាមេរិកបានប្តេជ្ញា ចាក់វ៉ាក់សាំងដល់មនុស្សពេញវ័យទាំងអស់ជាង ២៥៨លាននាក់ នៅទូទាំងប្រទេស នៅត្រឹមដំណាច់ខែឧសភាខាងមុខនេះ៕