(គូឡាឡាំពួរ)៖ កូរ៉េខាងជើងបានបិទស្ថានទូតរបស់ខ្លួន ប្រចាំទីក្រុងគូឡាឡាំពួរហើយ រីឯមន្ត្រីទូតរបស់ខ្លួនទាំងអស់ក៏បានចាកចេញពី ប្រទេសម៉ាឡេស៊ីដែរកាលពីថ្ងៃអាទិត្យ បន្ទាប់ពីទីក្រុងព្យុងយ៉ាងប្រកាស កាត់ផ្ដាច់ទំនាក់ទំនងការទូត ជាមួយប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ជុំវិញការធ្វើបត្យាប័នពលរដ្ឋកូរ៉េខាងជើងម្នាក់ ទៅកាន់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១។

កូរ៉េខាងជើង និងម៉ាឡេស៊ីបានភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នា ចាប់តាំងពីឆ្នាំ១៩៧៣មកម្ល៉េះ។ ប៉ុន្តែទំនាក់ទំនងនេះត្រូវបានកាត់ផ្ដាច់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយកូរ៉េខាងជើងជាអ្នកចាប់ផ្ដើមមុន ជាមួយការប្រកាសផ្ដាច់ទំនាក់ទំនងទូតជាមួយម៉ាឡេស៊ី ជុំវិញការធ្វើបត្យាប័នជនជាតិកូរ៉េខាងជើងម្នាក់ ទៅកាន់សហរដ្ឋអាមេរិក។ ជាការឆ្លើយតប ម៉ាឡេស៊ីបានប្រកាសបិទស្ថានទូតរបស់ខ្លួនប្រចាំ ទីក្រុងព្យុងយ៉ាង ក៏ដូចជាទុកពេលឱ្យបុគ្គលិកទូតកូរ៉េខាងជើង ទាំងអស់ចាកចេញពីប្រទេសក្នុងរយៈពេល ៤៨ម៉ោង។

កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យម្សិលមិញ បានដោះទង់ជាតិរបស់ខ្លួន និងបានបិទស្ថានទូតប្រចាំទីក្រុងគូឡាឡាំពួរ។ ម្យ៉ាងវិញទៀតមុនចាកចេញ មន្ត្រីទូតកូរ៉េខាងជើងបានចោទប្រកាន់ម៉ាឡេស៊ីថា បានធ្វើតាមការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិក ហើយចាត់ទុកថា ការបញ្ជូនពលរដ្ឋរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក គឺជាទង្វើបំផ្លិចបំផ្លាញមូលដ្ឋាន នៃទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរផងដែរ។

គួរបញ្ជាក់ថា ជនជាតិកូរ៉េខាងជើងម្នាក់ឈ្មោះ Mun Chol Myong ត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំង នៅក្នុងសហរដ្ឋអាមេរិកហើយ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ កន្លងទៅនេះ (ពេលវេលានៅអាមេរិក) បន្ទាប់ពីរូបគេត្រូវបានម៉ាឡេស៊ីធ្វើបត្យាប័ន។

លោក Mun Chol Myong ដែលបានរស់នៅក្នុងប្រទេសម៉ាឡេស៊ីជាង ១០ឆ្នាំ កំពុងជាប់ឃុំក្នុងមន្ទីរឃុំឃាំងរបស់ FBI ក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ដោយរូបលោកកំពុងប្រឈមមុខ នឹងបទចោទប្រកាន់លើការលាងលុយកខ្វក់ ហើយបានក្លាយជាជនជាតិកូរ៉េខាងជើងដំបូងគេបំផុត ដែលត្រូវបានធ្វើបត្យាប័ន ទៅកាន់សហរដ្ឋអាមេរិក ដើម្បីប្រឈមមុខនឹងសវនាការ។ លោក Mun ត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពី ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីមានសំណើសុំធ្វើបត្យាប័ន ពីសហរដ្ឋអាមេរិក៕