(វ៉ាស៊ីនតោន)៖ ជនជាតិកូរ៉េខាងជើងម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំង នៅក្នុងសហរដ្ឋអាមេរិកហើយ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ កន្លងទៅនេះ (ពេលវេលានៅអាមេរិក) បន្ទាប់ពីរូបគេត្រូវបានម៉ាឡេស៊ីធ្វើបត្យាប័ន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១។

លោក Mun Chol Myong កំពុងជាប់ឃុំក្នុងមន្ទីរឃុំឃាំងរបស់ FBI ក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ដោយរូបលោកកំពុងប្រឈមមុខនឹងបទ ចោទលាងលុយកខ្វក់ ហើយបានក្លាយជាជនជាតិកូរ៉េខាងជើងដំបូងគេបំផុត ដែលត្រូវបានធ្វើបត្យាប័ន ទៅកាន់សហរដ្ឋអាមេរិក ដើម្បីប្រឈមមុខនឹងសវនាការ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានចេញដីកាចាប់ខ្លួន លោក Mun Chol Myong កាលពីខែឧសភា ឆ្នាំ២០១៩ ពីបទលាងលុយកខ្វក់ និងបទសមគំនិតក្នុងបទល្មើសជាច្រើនទៀត។ លោក Mun មានអាយុប្រហែលជា ៥០ឆ្នាំ បានរស់នៅក្នុងប្រទេសម៉ាឡេស៊ីអស់រយៈពេលជាង ១០ឆ្នាំ និងត្រូវបានឃាត់ខ្លួនកាលពីខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីមានសំណើធ្វើបត្យាប័នពីសហរដ្ឋអាមេរិក។

ការធ្វើបត្យាប័នបុរសកូរ៉េខាងជើងខាងលើនេះ ទៅកាន់សហរដ្ឋអាមេរិក បានបណ្ដាលឱ្យទំនាក់ទំនងការទូតរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងគូឡាឡាំពួរត្រូវបានកាត់ផ្ដាច់ ដោយភាគីទាំង២សុទ្ធតែបានប្រកាស ពីការបិទស្ថានទូតប្រទេសរៀងៗខ្លួន៕