(ប៉េកាំង)៖ ក្រុមមន្រ្តីជំនាញបាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសចិនបានបង្កើនប្រតិបត្តិការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 នៅទូទាំងប្រទេស ដោយក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង វ៉ាក់សាំងចំនួនជាង១០លានដូសត្រូវបានចាក់ជូនប្រជាជន ហើយក៏កំពុងសិក្សាអំពីគោលនយោបាយទិដ្ឋាការផ្សេងៗ ដោយផ្អែកលើលក្ខខណ្ឌចាក់វ៉ាក់សាំងនៅក្នុងប្រទេសផ្សេងៗគ្នា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១។

អ្នកនាំពាក្យគណៈកម្មការសុខាភិបាលចិនលោក Mi Feng បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអាទិត្យនេះថា ប្រទេសចិនបានផ្តល់ជូនការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់ប្រជាជនរបស់ខ្លួនចំនួន ៧៤.៩៦លានដូសហើយ គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ ។

ចំនួននេះបើប្រៀបធៀបទៅនឹងចំនួនជិត៦៥លានដូស ដែលត្រូវផ្តល់ជូនគិតត្រឹមថ្ងៃទី១៤ ខែមីនាកន្លងទៅ មានន័យថាត្រឹមរយៈពេលមិនដល់មួយសប្តាហ៍ផង វ៉ាក់សាំងចំនួន១០លានដូសបន្ថែមទៀត ត្រូវបានចាក់ជូនប្រជាជន។ ការបង្កើនល្បឿននៃការចាក់វ៉ាក់សាំងនេះ គឺមានគោលដៅសម្រេចបាននូវ ៤០ភាគរយនៃប្រជាជនសរុបចំនួន ១.៤ពាន់លាន នៅត្រឹមពាក់កណ្តាលឆ្នាំ២០២១នេះ។

អ្នកនាំពាក្យក្រុមហ៊ុនផលិតឱសថចិន Sinovac បាននិយាយក្នុងសន្និសីទកាសែតនៅថ្ងៃអាទិត្យនេះថា រហូតមកដល់ពេលនេះវ៉ាក់សាំងរបស់ខ្លួនច្រើនជាង៧០លានដូសត្រូវបានប្រើប្រាស់នៅទូទាំងពិភពលោក។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ថាតើចំនួនប៉ុន្មានដែលត្រូវបានចែកចាយនៅក្នុងប្រទេសចិននោះទេ។

ទីក្រុងប៉េកាំងកំពុងពិចារណាលើគោលនយោបាយផ្សេងៗសម្រាប់ការចេញទិដ្ឋាការ និងការត្រួតពិនិត្យចំនួនប្រជាជនដែលបានមកដល់ប្រទេសចិន ដោយផ្អែកលើវឌ្ឍនភាពនៃការចាក់វ៉ាក់សាំង និងស្ថានភាពនៃវិធីបង្ការជំងឺ COVID-19 នៅក្នុងប្រទេសផ្សេងៗគ្នា។

លោក Feng Zijian អនុប្រធានមជ្ឈមណ្ឌលចិនសម្រាប់ការត្រួតពិនិត្យ និងបង្ការជំងឺ(CDC) បាននិយាយយ៉ាងដូចឆ្នេះថា«យើងមិនបានលើកលែងចំពោះ អ្នកដែលបានចាក់វ៉ាក់សាំងរួច ពីការធ្វើតេស្តនិងវិធានការចត្តាឡីស័ក សម្រាប់ពេលបច្ចុប្បន្ននេះទេ»។ ប៉ុន្តែប្រទេសចិននឹងយកចិត្តទុកដាក់លើវឌ្ឍនភាពអន្តរជាតិ ក្នុងការអភិវឌ្ឍលិខិតឆ្លងដែនវ៉ាក់សាំង ហើយក៏នឹងអាចកែសម្រួលវិធានការទប់ស្កាត់ បន្ទាប់ពីប្រជាជនក្នុងស្រុកបានទទួលវ៉ាក់សាំងដល់កម្រិតគ្រប់គ្រាន់មួយ៕