(ប៉ារីស)៖ អាចម៍ផ្កាយដ៏ធំមួយនឹងហោះមកឆាបភពរបស់យើង នៅយប់ថ្ងៃអាទិត្យនេះ ដោយវានឹងជាអាចម៍ផ្កាយមានទំហំធំបំផុត ដែលធ្វើដំណើរមកកៀកផែនដីប្រចាំឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១។

ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសពីដំណឹងនៃការធ្វើដំណើរមកកៀក របស់អាចម៍ផ្កាយខាងលើ តាំងពីខែមុនមកម្ល៉េះ។ បើតាមការបញ្ជាក់ចុងក្រោយ អាចម៍ផ្កាយដែលមានឈ្មោះសម្គាល់ 2001 FO32 មានអង្កត់ផ្ចិតប្រហែល៩០០ម៉ែត្រ។ វានឹងធ្វើដំណើរកាត់ផែនដី ជាមួយល្បឿនប្រមាណ ១២៤,០០០គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរបញ្ជាក់ថា វានឹងធ្វើដំណើរមកកៀកភពយើងបំផុត នាវេលាម៉ោង១១៖០៣នាទីយប់ថ្ងៃអាទិត្យនេះ (ម៉ោងនៅកម្ពុជា) ហើយស្ថិតនៅរយៈចម្ងាយ ០២លានគីឡូម៉ែត្រពីភពរបស់យើង។ ពេលបន្ទាប់ទៀតដែលវានឹងមកក្បែរភពយើងបែបនេះទៀត គឺទាល់តែឆ្នាំ២០៥២៕