(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃអាទិត្យនេះបានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩០នាក់បន្ថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១។

CCSA បានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៩០ករណីខាងលើនេះ មាន៨១ករណី ជាករណីឆ្លងក្នុងស្រុកផ្ទាល់ ក្នុងនោះរួមមាន ៤១ករណី ត្រូវបានរកឃើញនៅខេត្ត សាមុត សាខន (Samut Sakhon), ១៦ករណីនៅទីក្រុង បាងកក (Bangkok) និង ២៤ករណីទៀតនៅបណ្ដាខេត្តផ្សេងៗ។ ចំណែកឯ ០៩ករណីផ្សេងទៀត ជាករណីនាំចូល ត្រូវបានរកឃើញនៅលើអ្នកដំណើរ ដែលទើបធ្វើដំណើរមកពីបរទេស។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២៧,៨០៣ករណី ក្នុងនោះមានអ្នកស្លាប់ ៩០នាក់ និងអ្នកជាសះស្បើយឡើងវិញ ២៦,៥៩៨នាក់៕