(ប៉េកាំង)៖ កន្លងទៅនេះ លោក យូ ឈីងមីង (Yu Qingming) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិន Sinopharm បានឲ្យដឹងថា យោងតាមលទ្ធផលស្រាវជ្រាវជាបឋម វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលផលិតឡើងដោយ Sinopharm គឺអាចផ្តល់ ការការពារពីវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីៗប្រមាណជា១០ទម្រង់ ក្នុងនោះរួមមានទាំងទម្រង់ ដែលត្រូវបានរកឃើញនៅចក្រភពអង់គ្លេស និងអាហ្រ្វិកខាងត្បូងផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានចិន China Daily នៅថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១។

យោងតាមលោក Yu Qingming បុគ្គលិកជាច្រើននាក់របស់ក្រុមហ៊ុន Sinopharm បានទទួលការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុននេះផ្ទាល់ តាំងពីខែមីនា ឆ្នាំ២០២០ ហើយក្រោយការតាមដានរយៈពេលមួយឆ្នាំមកនេះ អង់ទីករការពាររបស់ពួកគេ គឺនៅតែមានកម្រិតខ្ពស់គ្រាន់បើដដែល។ យ៉ាងណាមិញ លោក Yu បានសង្កត់ធ្ងន់ថា ដោយសារវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាផលិតផលថ្មីសន្លាង ក្រុមអ្នកវិទ្យាសាស្រ្ត នៅត្រូវការពេលសិក្សាស្រាវជ្រាវច្រើនថែមទៀត ដើម្បីអាចកំណត់ឲ្យជាក់ច្បាស់តែម្តង អំពីប្រសិទ្ធភាពរបស់ពួកវា។

លោក Yu បានបញ្ជាក់ថា ការពិសោធន៍ស្រាវជ្រាវថ្មីៗចុងក្រោយ បានបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm អាចផ្តល់ការការពារ បានទូលំទូលាយប្រឆាំងនឹងវីរុស COVID-19 ដែលបំប្លែងខ្លួនថ្មីៗ ហើយអាចទល់ទល់ជាមួយពួកវាដោយប្រសិទ្ធភាពខ្ពស់។ បើតាម លោក Yu ដដែល គិតមកទល់ឥឡូវ ប្រទេសនិងតំបន់សរុបយ៉ាងតិច៤០ហើយ បានអនុម័តឲ្យប្រើវ៉ាក់សាំងរបស់ Sinopharm ក្នុងលក្ខខណ្ឌប្រើជាបន្ទាន់ ហើយវ៉ាក់សាំងជិត១០០លានដូស ត្រូវបានផ្តល់ទៅកាន់ប្រទេសដទៃ ដោយ៦០លានដូសក្នុងនោះ ត្រូវបានប្រើប្រាស់រួចរាល់ ដោយពុំមានផលប៉ះពាល់ធ្ងន់ធ្ងរពាក់ព័ន្ធនឹងវ៉ាក់សាំងឡើយ។

ពេលនេះ ក្រុមហ៊ុន Sinopharm កំពុងតែខំប្រឹងបង្កើនសមត្ថភាពផលិតវ៉ាក់សាំងរបស់ខ្លួន ដែលអាចកើនដល់ជាង ០៣ពាន់លានដូសក្នុងមួយឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោក Yu ដែលអះអាងថា បច្ចុប្បន្ន Sinopharm កំពុងជាក្រុមហ៊ុនផលិតវ៉ាក់សាំង COVID-19 ធំជាងគេបង្អស់នៅលើពិភពលោក៕