(ប៉េកាំង)៖ នៅក្រោយកិច្ចប្រជុំកម្រិតខ្ពស់ ដែលមានភាពចម្រូងចម្រាសខុសធម្មតា នៅរដ្ឋអាឡាស្កានៃសហរដ្ឋអាមេរិក ទីក្រុងប៉េកាំងបាន ចេញមុខអះអាងថា ចិននិងអាមេរិកបានសម្រេចនឹងបង្កើតក្រុមការងាររួមមួយ ដើម្បីសហការគ្នាជុំវិញបញ្ហាបម្រែបម្រួលអាកាសធាតុ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១។

ក្រុមមន្រ្តីការទូតកំពូលៗចិននិងសហរដ្ឋអាមេរិក ក្នុងជំនួបលើកដំបូងនាសម័យរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលបាន ប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍-សុក្រ នាសប្តាហ៍នេះ បានផ្លោងសម្តីចោទប្រកាន់ និងរិះគន់លើគោលនយោបាយគ្នាទៅវិញទៅមក ដោយចំហតែម្តង។ ក៏ប៉ុន្តែនៅក្រោយជំនួបនេះ ខាងប្រតិភូចិនបានអះអាងថា ភាគីទាំងពីរបានឯកភាពដោយបន្តប្តេជ្ញា ពង្រឹងការទាក់ទងនិងកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធបញ្ហាបម្រែបម្រួលអាកាសធាតុ។

គួរបញ្ជាក់ថា កិច្ចប្រជុំកម្រិតខ្ពស់ខាងលើ ត្រូវបានដឹកនាំដោយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាតូនី ប្លីងគែន (Antony Blinken) និងមន្រ្តីការទូតកំពូលរបស់ចិន គឺលោក យ៉ាង ជាឈី (Yang Jiechi)។ ទោះជាយ៉ាងណា ខាងប្រតិភូចិនបានបង្ហាញក្តីសង្ឃឹម ចង់ឲ្យបន្តមានការធ្វើទំនាក់ទំនងជាយុទ្ធសាស្រ្តកម្រិតខ្ពស់បែបនេះទៀត បើទោះបីជាប្រទេសទាំងពីរនៅមានការខ្វែងគំនិតគ្នាច្រើនក៏ដោយ៕