(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានរាយការណ៍ឲ្យដឹងថារមណីយដ្ឋានម៉ាអេឡាហ្គោ (Mar-a-Lago) ដែលស្ថិតនៅក្នុងទីក្រុងផាមប៊ិច (Palm Beach) នៃរដ្ឋផ្ល័ររីដា (Florida) របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានបិទមួយផ្នែកខ្លះ បន្ទាប់ពី បុគ្គលិកមួយចំនួនបានធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក Washington Post បានគូសបញ្ជាក់ដោយដកស្រង់សម្ដីរបស់អ្នកគ្រប់គ្រងរមណីយដ្ឋាននោះដូច្នេះថា៖ «នៅពេលបុគ្គលិករបស់យើង មួយចំនួនបានធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19 យើងនឹងត្រូវផ្អាកសេវាកម្មជាបណ្តោះអាសន្ននៅក្លឹបឆ្នេរខ្សាច់ និងបន្ទប់ទទួល ទានអាហារពេលល្ងាច។ ប៉ុន្តែមិនបានបញ្ជាក់ថា តើបុគ្គលិកប៉ុន្មាននាក់ បានឆ្លងជំងឺនេះទេ។

គួរបញ្ជាក់ថា រមណីយដ្ឋាននេះបានបម្រើជាទីស្នាក់នៅផ្លូវការរបស់អតីតប្រធានាធិបតី ចាប់តាំងពីលោកបានចាកចេញពីសេតវិមានកាលពីថ្ងៃទី២០ ខែមករាមកម្ល៉េះ ប៉ុន្តែពិធីជប់លៀង និងសេវាកម្មព្រឹត្តិការណ៍ផ្សេងៗនឹងនៅតែបើកដំណើរការដដែលដែលវាបានគោរពអនុវត្តនូវវិធានការណ៍ឆ្លើយតបសមស្របទាំងអស់ទៅតាម ការណែនាំរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺ COVID-19៕