(រ៉ង់ហ្គូន)៖ សម្ពាធពីអន្តរជាតិកាន់តែខ្លាំង បានធ្លាក់លើរបបដឹកនាំយោធា នៅប្រទេសមីយ៉ាន់ម៉ា ក្រោយការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល របស់លោកស្រី អោង សាន ស៊ូ ជី កាលពីថ្ងៃទី០១ ខែកុម្ភៈ ដែលបាននាំឲ្យផ្ទុះបាតុកម្មស្ទើរទូទាំងប្រទេស ជាពិសេសនៅទីក្រុងរ៉ង់ហ្គូន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាល្ងាចថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១។

នៅថ្ងៃសៅរ៍នេះ បាតុករម្នាក់ទៀតត្រូវបានកម្លាំងសន្តិសុខបាញ់សម្លាប់ នៅក្នុងការបង្ក្រាបមួយ ធ្វើឡើងក្នុងទីក្រុងរ៉ង់ហ្គូន។ សារព័ត៌មានក្នុងស្រុករបស់មីយ៉ាន់ម៉ា បានរាយការណ៍ឲ្យដឹងថា មនុស្សសរុប ២៣៨នាក់ហើយបានស្លាប់ គិតចាប់តាំងពីរដ្ឋប្រហារ និងបាតុកម្មផ្ទុះឡើង ខណៈសារព័ត៌មានបរទេសមួយចំនួនវិញបានចុះផ្សាយថា ចំនួនមនុស្សស្លាប់មានជិត ២០០នាក់។

យោងតាមសារព័ត៌មាន Reuters បណ្តាប្រទេសអាស៊ីមួយចំនួន បានចាប់ផ្តើមដើរតាមលោកខាងលិច ដើម្បីប្រឆាំងនឹងការប្រើប្រាស់កម្លាំងបាយ ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករ ជាពិសេសនៅក្នុងទីក្រុងរ៉ង់ហ្គូន និងម៉ាន់ដាឡាយ ដែលសុទ្ធតែជាទីក្រុងមានប្រជាជនរស់នៅច្រើនជាងគេបំផុត នៅក្នុងប្រទេសអាស៊ានមួយនេះ។

នៅថ្ងៃសៅរ៍សប្តាហ៍នេះដែរ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាស៊ីឡេស៊ី បានប្រកាសគាំទ្រយ៉ាងខ្លាំង ចំពោះការអំពាវនាវរបស់ប្រធានាធិបតី នៃប្រទេសឥណ្ឌូណេស៊ី ឲ្យរៀបចំកិច្ចប្រជុំអាស៊ានកម្រិតខ្ពស់មួយជាបន្ទាន់ ដើម្បីដោះស្រាយស្ថានការណ៍ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មូហៃយីតឌីន យ៉ាសស៊ីន (Muhyiddin Yassin) បានថ្លែងថា ស្ថានការណ៍ដ៏អាក្រក់បែបនេះត្រូវតែបញ្ឈប់ជាបន្ទាន់ ដោយបានជំរុញឲ្យមេដឹកនាំយោធាមីយ៉ាន់ម៉ា «ផ្លាស់ប្តូរទិសដៅរបស់ខ្លួន និងជ្រើសរើសផ្លូវឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី»។

ដោយឡែកនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស បានប្រកាសថ្កោលទោស ចំពោះអ្វីដែលលោកផ្ទាល់បានមើលឃើញថា ជាការបន្តប្រើប្រាស់អំពើហិង្សាយ៉ាងសាហាវព្រៃផ្សៃ ដោយយោធាមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករ។ លោកអគ្គលេខធិការបានអំពាវនាវឲ្យអន្តរជាតិ រួមគ្នាជាធ្លុងមួយយ៉ាងម៉ឺងម៉ាត់ ដើម្បីដោះស្រាយបញ្ហានេះ។

បន្ថែមពីនេះ អ្នករាយការណ៍ពិសេសរបស់ UN លោក ថម អាន់ឌ្រូស៍ (Tom Andrews) បានអំពាវនាវឲ្យអន្តរជាតិដាក់ទណ្ឌកម្ម ដើម្បីឆ្លើយតបទៅនឹងការបង្ក្រាបក្រុមបាតុករ ដោយរបបយោធានៅមីយ៉ាន់ម៉ា។ លោក Tom Andrews បានបង្ហោះសារលើគណនី Twitter លោកយ៉ាងដូច្នេះថា «ពិភពលោកត្រូវតែធ្វើការឆ្លើយតប ដោយកាត់ផ្តាច់ផ្លូវ (យោធាមីយ៉ាន់ម៉ា) ទៅរកហិរញ្ញវត្ថុ និងសព្វាវុធឥឡូវនេះ»