(ប៉េកាំង)៖ កិច្ចជំនួបយុទ្ធសាស្រ្តជាន់ខ្ពស់រវាងចិន និងអាមេរិកបិទបញ្ចប់ហើយ, លោក Yang Jiechi ប្រធានការិយាល័យនៃគណៈកម្មាធិការកិច្ចការទូត នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងលោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិនផ្តល់បទសម្ភាសន៍ រួមជាមួយប្រព័ន្ធសារព័ត៌មានចិន។

ពីថ្ងៃទី ១៨ ដល់ ១៩ ខែមីនា កិច្ចជំនួបយុទ្ធសាស្រ្តជាន់ខ្ពស់រវាងចិន និងអាមេរិកបានរៀបចំនៅទីក្រុង Anchorage សហរដ្ឋអាមេរិក។ បន្ទាប់ពីកិច្ចជំនួបបានបិទបញ្ជប់ហើយ លោក Yang Jiechi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានការិយាល័យនៃគណៈកម្មការកិច្ចការទូត នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងលោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានទទួលការសម្ភាសន៍រួម នៃប្រព័ន្ធសារព័ត៌មានចិន។

លោក Yang Jiechi បានថ្លែងថា កិច្ចជំនួបលើកនេះមានអត្ថប្រយោជន៍ ក្នុងការបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក។ ប្រទេសទាំងពីរនៅតែមានភាពខ្វែងគំនិតសំខាន់ៗ លើបញ្ហាមួយចំនួន។ ប្រទេសចិននឹងគាំពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍ការអភិវឌ្ឍជាតិរបស់ខ្លួន។ ការអភិវឌ្ឍនិងរីកចម្រើនរបស់ចិន គឺមិនអាចរារាំងបាននោះទេ។

លោក Wang Yi បានថ្លែងថា ប្រទេសចិនបានមានភាពស្មោះត្រង់ ក្នុងកិច្ចជំនួបលើកនេះ ពីព្រោះការសន្ទនាល្អប្រសើរជាងការបដិបក្ខគ្នា ប៉ុន្តែការសន្ទនាត្រូវតែធ្វើឡើង ដោយស្មារតីគោរពគ្នាទៅវិញទៅមក និងស្វែងរកប្រយោជន៍ដូចគ្នា ជាមួយនឹងការរក្សាភាពខុសគ្នា។ ជាមួយគ្នានេះ ប្រទេសចិនបានចង្អុលបង្ហាញ យ៉ាងច្បាស់ដល់សហរដ្ឋអាមេរិកថា អធិបតេយ្យភាព និងបូរណភាពទឹកដី គឺជាបញ្ហាសំខាន់លក្ខណៈគោលការណ៍ សហរដ្ឋអាមេរិកមិនគួរមើលស្រាលការប្តេជ្ញាចិត្តរបស់ចិន ក្នុងការគាំពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ ហើយក៏មិនអាចមើលស្រាលឆន្ទៈរបស់ប្រជាជនចិន ក្នុងការការពារសេចក្តីថ្លៃថ្នូរប្រជាជាតិ និងផលប្រយោជន៍ស្របច្បាប់។
អាកប្បកិរិយារបស់ចិនចំពោះការអភិវឌ្ឍទំនាក់ទំនងចិន និងអាមេរិកគឺច្បាស់លាស់ និងជាប់លាប់។ សង្ឃឹមថាសហរដ្ឋអាមេរិកក៏អាចដើរស្រប តាមទិសដៅជាមួយប្រទេសចិនផងដែរ ជាពិសេសគឺគោរព និងថែទាំផលប្រយោជន៍ស្នូល និងបញ្ហាដែលយកចិត្តទុកដាក់ខ្ពស់របស់គ្នាទៅវិញទៅមក ផ្អែកលើមូលដ្ឋាននេះ ប្រទេសចិនតែងតែបើកទ្វារ ក្នុងការបន្តធ្វើកិច្ចជំនួបរវាងចិន និងសហរដ្ឋអាមេរិក៕