(គូឡាឡាំពួរ)៖ ក្រសួងការបរទេសម៉ាឡេស៊ី នៅថ្ងៃសុក្រសប្ដាហ៍នេះបានទុកពេល៤៨ម៉ោង ដើម្បីឱ្យបុគ្គលិកទូតកូរ៉េខាងជើងទាំងអស់ចាកចេញពីប្រទេសរបស់ខ្លួន ជាការឆ្លើយតបទៅនឹងទីក្រុងព្យុងយ៉ាងដែលបានសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយទីក្រុងគូឡាឡាំពួរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២១។

កូរ៉េខាងជើង នៅថ្ងៃសុក្រសប្ដាហ៍នេះដែរបានផ្តាច់ចំណងការទូតជាមួយម៉ាឡេស៊ី ជាការឆ្លើយតបទៅនឹងការធ្វើបត្យាប័នរបស់ម៉ាឡេស៉ីចំពោះពលរដ្ឋកូរ៉េខាងជើង ទៅកាន់សហរដ្ឋអាមេរិក កាលពីដើមខែមីនានេះ។ កូរ៉េខាងជើងបានចាត់ទុកទង្វើរបស់ម៉ាឡេស៉ីថាជា «ឧក្រិដ្ឋកម្មដែលមិនអាចអត់ឱនឲ្យបាន» ប្រព្រឹត្តទៅក្រោម «ការស្តាប់បង្គាប់ដោយងងឹតងងុល» ព្រោះតែសម្ពាធរបស់សហរដ្ឋអាមេរិក។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសម៉ាឡេស៊ីបានថ្កោលទោសកូរ៉េខាងជើង ជុំវិញការផ្ដាច់ទំនាក់ទំនងការទូតនេះដោយចាត់ទុកថាវាជាទង្វើ «អមិត្ត និងគ្មានលក្ខណៈស្ថាបនា» ទាល់តែសោះ។ សេចក្ដីថ្លែងការណ៍ដដែលបន្ថែមទៀតថា ម៉ាឡេស៊ីនឹងបិទស្ថានទូតរបស់ខ្លួនប្រចាំទីក្រុងព្យុងយ៉ាង រីឯបុគ្គលិកក្នុងស្ថានទូត កូរ៉េខាងជើងប្រចាំទីក្រុងគូឡាឡាំាពួរទាំងអស់មានពេល៤៨ម៉ោង ដើម្បីចាកចេញពីប្រទេសម៉ាឡេស៊ី។ «ម៉ាឡេស៊ីថ្កោលទោសការសម្រេចចិត្តបែបអមិត្ត និងគ្មានលក្ខណៈស្ថាបនាដែលមិនគោរពតាមស្មារតីផលប្រយោជន៍រួម និងភាពជាអ្នកជិតខាងល្អ...ម៉ាឡេស៊ីរក្សាសិទ្ធិគ្រប់យ៉ាងក្នុងការឆ្លើយតបទៅនឹងការសម្រេចចិត្ត របស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង)»។ នេះ ជាការគូសបញ្ជាក់របស់ក្រសួងការបរទេសម៉ាឡេស៊ី។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងម៉ាឡេស៊ី និងកូរ៉េខាងជើង ធ្លាប់បានធ្លាក់ចុះដុនដាបខ្លាំង នៅពេលដែលបងប្អូនប្រុសម្តាយទីទៃរបស់លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ (Kim Jong Nam) ត្រូវបានគេធ្វើឃាតដោយថ្នាំពុល នៅពេលលោករង់ចាំជើងហោះហើរ នៅឯអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ នៃប្រទេសម៉ាឡេស៉ី៕