(ញូយ៉ក)៖ សហរដ្ឋអាមេរិក និងចិនបានទាស់សម្ដីគ្នាជុំវិញការប្រយុទ្ធប្រឆំាំងការរើសអើងពូជសាសន៍ កំឡុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនាឱកាសទិវាអន្តរជាតិ លុបបំបាត់ការរើសអើងពូជសាសន៍រៀបចំឡើង នៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១។

នៅក្នុងកិច្ចប្រជុំ អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី លីនដា ថូម៉ាស់ ហ្រ្គីនហ្វៀល (Linda Thomas Greenfield) បានចោទប្រកាន់ចិន ត្រង់ៗថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិប្រឆាំងនឹងជនជាតិដើមភាគតិចមូស្លីមអ៊ុយហ្គ័រ (Uighur)។ «នៅប្រទេសចិនជាទីដែល រដ្ឋាភិបាលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋប្រឆាំងមនុស្សជាតិប្រឆាំងនឹងជនជាតិដើមភាគតិចមូស្លីមអ៊ុយហ្គ័រ រួមទាំងក្រុមជនជាតិដើមភាគតិចដទៃទៀត នៅក្នុងតំបន់ស៊ីជាំង»។ នេះជាការលើកឡើងរបស់លោកស្រី ថូម៉ាស់ ហ្រ្គីនហ្វៀល។

ជាប្រតិកម្មឆ្លើយតប អគ្គរដ្ឋទូតរងចិនប្រចាំ UN លោក ដៃ ប៊ីង (Dai Bin) បានចោទបកទៅវិញថាសហរដ្ឋអាមេរិកកំពុងប្រព្រឹត្តអំពើរើសអើងពូជសាសន៍ ជាពិសេសគឺ ករណីសម្លាប់ពលរដ្ឋអាមេរិកស្បែកខ្មៅ និងពលរដ្ឋអាមេរិកមានដើមកំណើតអាស៊ី។ ការកត់សម្គាល់បែបនេះរបស់លោក ដៃ ប៊ីន គឺចង់សំដៅទៅលើការបាញ់ប្រហារ សម្លាប់មនុស្ស៨នាក់ ក្នុងនោះរួមមានស្ត្រីជាពលរដ្ឋអាមេរិកមានដើមកំណើតអាស៊ី៦នាក់ នៅឯទីក្រុងអាត្លង់តា នៃរដ្ឋចចចៀ កាលពីដើមសប្ដាហ៍នេះ។ លោក ដៃ ប៊ីន បានគូសបញ្ជាក់ដូច្នេះថា៖ «សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការប្រើប្រាស់បញ្ហាសិទ្ធិមនុស្សសម្រាប់បុព្វហេតុនយោបាយ និងការប្រឈមមុខដាក់គ្នាផ្នែកនយោបាយ ក៏ដូចជាបញ្ឈប់ផងដែរនូវការបង្កការរំខានដល់កិច្ចសហប្រតិបត្តិការអន្តរជាតិស្ដីពីសិទ្ធិមនុស្ស»

គួរបញ្ជាក់ថា ការទាស់សម្ដីគ្នាខាងលើកើតមានឡើង តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីមន្ត្រីកំពូលអាមេរិក និងចិនបានបញ្ចប់កិច្ចប្រជុំកម្រិតខ្ពស់នៅឯរដ្ឋអាឡាស្កា ជាទីដែលពួកគេបានប្រើប្រាស់ពាក្យសម្ដីវាយប្រហារ និងចោទប្រកាន់គ្នាទៅវិញទៅមក លើប្រធានបទជាច្រើនក្នុងនោះរួមមានទាំងបញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់ ស៊ីនជាំងផងដែរ៕