(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ សហគ្រាស និងប្រជាជនមួយចំនួននៃភូមិភាគស្វយ័តជនជាតិវៃវូអឺស៊ីនជាំងកំពុងជួលមេធាវី ដាក់ពាក្យប្តឹងចំពោះជនជាតិអាល្លឺម៉ង់ ម្នាក់ដែលមានឈ្មោះចិនថា Zheng Guoen ទាមទារឱ្យឈ្មោះZheng Guoen សុំអភ័យទោស ស្តារកេរ្តិ៍ឈ្មោះឡើងវិញ ហើយសងថ្លៃជំងឺចិត្ត។ ព្រមពេលជាមួយគ្នានេះ ប្រជាជនរងគ្រោះមួយចំនួននៃតំបន់ស៊ីនជាំងក៏គ្រោងនឹងចោទប្រកាន់ក្រុមហ៊ុនវិទ្យុ BBC របស់អង់គ្លេស ដោយសារក្រុមហ៊ុនវិទ្យុ BBC បានបង្ខូចកេរ្តិ៍ឈ្មោះរបស់ ប្រជាជនស៊ីនជាំងដូចនេះក្នុងនាមជាចុងចោទ BBC និងឈ្មោះ Zheng Guoen នឹងទទួលការកាត់ក្តីតាមច្បាប់និងយុត្តិធម៌។

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនដែលធ្វើឡើងនៅពេលថ្មីៗកន្លងទៅនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានបង្ហាញរូបថតមួយសន្លឹក។ ស្ត្រីជនជាតិវៃវូអឹក្នុងរូបថតនេះឈ្មោះ Zumrat Dawut ។ ស្រី្តរូបនេះជា «កូនសំណព្វ» របស់កម្លាំងប្រឆាំងប្រទេសចិនរបស់ប៉ែកខាងលិច ហើយធ្លាប់ឃោសនាបំប៉ោងថា តំបន់ស៊ីនជាំងមាន «ការរំលោភផ្លូវភេទនិងធ្វើបាប» សំដៅចំពោះស្ត្រី ហើយបានមួលបង្កាច់ការងារគ្រប់គ្រងនៅតំបន់ស៊ីនជាំងរបស់ចិនតាមរយៈអ្វីដែលហៅថា «ដំណើរជីវិតផ្ទាល់ខ្លួន»។

ខណៈពេលស្ត្រីរូបនេះនិយាយតែផ្តេសផ្តាស ប្រព័ន្ធសារព័ត៌មានប៉ែកខាងលិចក៏បានឃោសនាបំប៉ោងអ្វីដែលហៅថា «ភស្តុតាងនៃការរំលោភផ្លូវភេទនិងធ្វើបាប» ដែល ប៉ុនប៉ងផ្តន្ទាទោសទៅលើរដ្ឋាភិបាលចិន។ ក្នុងចំណោមប្រព័ន្ធសារព័ត៌មានទាំងនេះក៏បូករួមទាំងក្រុមហ៊ុនវិទ្យុ BBC របស់អង់គ្លេសដែរ ហើយក្នុងចំណោមអ្នកប្រឌិត «ភស្តុតាង» ទាំងនោះមានមនុស្សម្នាក់ដែលយើងស្គាល់ច្បាស់ គឺឈ្មោះ Zheng Guoen។

ចូរឱ្យយើងមកមើលមើល៍ថា តើឈ្មោះ Zheng Guoen បាននិយាយពាក្យភូតកុហកយ៉ាងដូចម្តេច? ឈ្មោះ Zheng Guoen បានប្រឌិតរបស់ដែលហៅថា «របាយការណ៍សិក្សាស្រាវជ្រាវពីតំបន់ស៊ីនជាំង» ក្នុងរបាយការណ៍នេះ គាត់បានលើកឡើងថា «តំបន់ស៊ីនជាំងចាត់វិធានការបង្ខំមិនឱ្យស្ត្រីជនជាតិវៃវូអឺបង្កកំណើត» «ភូមិភាគស៊ីនជាំងបង្ខំឱ្យជនជាតិភាគតិចធ្វើពលកម្ម» «រដ្ឋាភិបាលចិនធ្វើការប្រល័យពូជសាសន៍ចំពោះជនជាតិភាគតិចនៅតំបន់ស៊ីនជាំង» និង «មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនៃតំបន់ស៊ីនជាំងជាជំរំឃាត់ខ្លួន» ល។ល

ប្រឌិតទិន្នន័យក្លែងក្លាយ បង្ករឿងហេតុនិងធ្វើការកាត់ស្មានផ្តេសផ្តាស ទង្វើទាំងនេះគ្រាន់តែជាវិធីមួយចំនួនរបស់ឈ្មោះ Zheng Guoen សម្រាប់ប្រឌិតពាក្យកុហក។ ប្រហែលមានមនុស្សចង់សួរថាហេតុអ្វីបានជាជនជាតិអាល្លឺម៉ង់ម្នាក់យកចិត្តទុកដាក់ដល់បញ្ហាស៊ីនជាំងដូចអ៊ីចឹង? ហេតុអ្វីបានជាគាត់បានដាក់ចេញរបស់ដែលហៅថា «របាយការណ៍សិក្សាស្រាវជ្រាវ» យ៉ាងឆ្កួតឡប់ៗ?

តាមពិតទៅ «Zheng Guoen» គឺជាឈ្មោះចិនរបស់ឈ្មោះ Adrian Zenz ជនជាតិអាល្លឺម៉ង់។ ភស្តុតាងជាច្រើនបានបញ្ជាក់ថា ឈ្មោះ Zheng Guoen មិនមែនជាបញ្ញវន្ត នោះទេ ហើយក៏មិនជា «អ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាប្រទេសចិន» ដែរ គាត់ជាសមាជិករបស់ដែលហៅថា «មូលនិធិរំលឹកអ្នករងគ្រោះពីកុម្មុយនិស្តនិយម» របស់សហរដ្ឋអាមេរិក ហើយជាអ្នកជ្រុលនិយមខាងស្តាំ ជាបុគ្គលិកសំខាន់នៃអង្គការស្រាវជ្រាវមួយដែលអង្គការស៊ើបការណ៍អាមេរិកញាក់ខ្សែបញ្ជាពីក្រោយ និងជា «អ្នកវាយដំ» ដែលឈ្នួលដោយកម្លាំងប្រឆាំងប្រទេសចិននៃប្រទេសប៉ែកខាងលិច។

និយាយចំពោះរបាយការណ៍ក្លែងក្លាយនេះ ឥស្សរជននិងអង្គការចេះគិតពិចារណាជាច្រើន ក្នុងនោះរួមមានទាំងវេបសាយ «The Grey Zone» ដែលជាវេបសាយឯករាជ្យ របស់សហរដ្ឋអាមេរិកជាដើម និងលោក Maxime Vivas អ្នកសារព័ត៌មានបារាំងជាដើមបាននាំគ្នាលាតត្រដាងនិងថ្កោលទោសយ៉ាងខ្លាំង។ លោក Max Blumenthal និពន្ធនាយកនៃវេបសាយ «The Grey Zone» បានថ្លែងថា ឆ្លងតាមធ្វើការវិភាគរបាយការណ៍របស់ឈ្មោះZheng Guoen បានរកឃើញថាបទសន្និដ្ឋានរបស់គាត់មិនមែន សមហេតុផលទាល់តែសោះស្ទើរតែគួរឱ្យអស់សំណើច។ ដូចនេះ លោក Maxime Vivas បានបោះពុម្ភផ្សាយសៀវភៅក្រោមចំណងជើងថា «ទីបញ្ចប់នៃព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងជនជាតិវៃវូអឺ» ដើម្បីរិះគន់ឈ្មោះ Zheng Guoen ដែលបានប្រឌិតព័ត៌មានក្លែងក្លាយតាមរយៈគំនិតស្រមើស្រមៃ។

ប៉ុន្តែសមាជិកសភានិងប្រព័ន្ធសារព័ត៌មានប្រទេសមួយចំនួនបែរជាចាត់ទុក «របាយការណ៍សិក្សាស្រាវជ្រាវ» របស់ឈ្មោះ Zheng Guoen ជារបស់មានតម្លៃ។ ជាងនេះទៅទៀត ពួកគេមិនដែលធ្វើការពិនិត្យផ្ទៀងផ្ទាត់អីនោះទេ ក៏កំណត់ថា «របាយការណ៍សិក្សាស្រាវជ្រាវ» របស់ឈ្មោះ Zheng Guoen ជាការពិតជាក់ស្តែង ។ ដោយសារយល់ច្រឡំពីពាក្យចចាមអារ៉ាមរបស់គាត់ ប្រទេស និងសហគ្រាសមួយចំនួនបានកាត់បន្ថយរហូតដល់បញ្ឈប់ការនាំចូលកប្បាស និងផលិតផលកប្បាស ពីតំបន់ស៊ីនជាំង បណ្តាលឱ្យកសិករកប្បាសនិងសហគ្រាសកែច្នៃមួយចំនួននៃតំបន់ស៊ីនជាំងរងការខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

ដូចនេះ យើងអាចមើលច្បាស់ពីមុខមាត់ពិតប្រាកដរបស់ «អ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាប្រទេសចិន» រូបនេះរួចហើយ គាត់ពិតជាអ្នកត្លុកមួយដែលខិតខំបង្ករឿង ក្នុងបញ្ហាតំបន់ស៊ីនជំាងចុងបំផុត ឈ្មោះរូបនេះ និងពាក្យសម្តីរបស់វាពិតជានឹងត្រូវបោសចូលក្នុងធុងសំរាមប្រវត្តិសាស្ត្រជាមិនខាន៕