(គីតូ)៖ ការិយាល័យរបស់ប្រធានាធិបតីអេក្វាដ័របានបញ្ជាក់ថា លោករដ្ឋមន្រ្តីសុខាភិបាល រ៉ូដូលហ្វូ ហ្វារហ្វេន (Rodolfo Farfan) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) បានលាលែងចេញពីតំណែង ដែលលោកបានកាន់កាប់ត្រឹមតែ ១៩ថ្ងៃប៉ុណ្ណោះ ចំពេលប្រទេសនេះកំពុងដំណើរការ ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១។

លោក Farfan ដែលជារដ្ឋមន្រ្តីសុខាភិបាលទី ៤ ដែលស្ថិតនៅក្រោមរដ្ឋបាលបច្ចុប្បន្ន និងជារដ្ឋមន្រ្តីទី ៣ ដែលបានលាលែងចេញពីតំណែង គិតចាប់តាំងពីជំងឺ COVID-19 ផ្ទុះឡើងនៅក្នុងប្រទេសអេក្វាដ័រ បានសរសេរនៅក្នុងលិខិតលាលែង ចេញពីតំណែងរបស់លោក ផ្ញើទៅកាន់លោកប្រធានាធិបតី ឡេនីន ម៉ូរ៉េណូ (Lenin Moreno) ថា ការចាកចេញរបស់លោកនេះ គឺដោយសារតែលោកមានហេតុផលផ្ទាល់ខ្លួន។

លោក Farfan ត្រូវបានតែងតាំងជារដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសអេក្វាដ័រ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ជំនួសលោក ខាឡូស ហ្សេវ៉ាល់ឡូស (Juan Carlos Zevallos) ដែលបានលាលែងពីតំណែង ហើយការលាលែងចេញពីតំណែងរបស់ អតីតរដ្ឋមន្រ្តីសុខាភិបាលរូបនេះ បានកើតឡើងចំពេលមានការសាកសួរ អំពីភាពមិនប្រក្រតី និងភាពមិនច្បាស់លាស់ នៅក្នុងផែនការចាក់វ៉ាក់សាំងរបស់ ប្រទេសអាមេរិកឡាទីនមួយនេះ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers គិតត្រឹថ្ងៃសុក្រសប្តាហ៍នេះ ប្រទេសអេក្វាដ័របានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៣០៩,៦៤៣ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ១៦,៤១២នាក់ និងអ្នកជាសះស្បើយ ២៦៣,១៦៤នាក់៕