(អាឡាស្កា)៖ មន្ត្រីកំពូលរបស់សហរដ្ឋអាមេរិក និងចិនបានបិទបញ្ចប់កិច្ចប្រជុំរយៈពេល ០២ថ្ងៃក្នុងទីក្រុង អាន់ចូរ៉េច (Anchorage) នៃរដ្ឋអាឡាស្កា (Alaska) ហើយនៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) បន្ទាប់ពីភាគីទាំងពីរបានផ្លោងសម្ដីចោទប្រកាន់ ដាក់គ្នាទៅវិញទៅមក នៅអំឡុងកិច្ចប្រជុំទល់មុខជាលើកដំបូងបំផុត គិតចាប់តាំងពីលោក ចូ បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២០ ខែមករាមក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១។

កិច្ចប្រជុំកម្រិតខ្ពស់រវាងមន្ត្រីកំពូល នៃប្រទេសមហាអំណាចទាំង ២ បានបិទបញ្ចប់ទៅដោយភាពសោះកក្រោះ ក្រោយភាគីទាំងសងខាងបានចោទប្រកាន់ និងវាយប្រហារពាក្យសម្ដីដាក់គ្នា។ សហរដ្ឋអាមេរិកបានចោទប្រតិភូចិនថា «ពូកែនិយាយបង្វែងដាន» រីឯចិនចោទបកទៅវិញថា «ធំក្លិនផ្សែងកាំភ្លើង» និងការពូកែសម្ដែងរបស់សហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាតូនី ប្លីងគែន (Antony Blinken) បានលើកឡើងថា សកម្មភាពជាច្រើនរបស់ចិន បាននិងកំពុងបង្កការគំរាមកំហែង ដែលធ្វើឲ្យអាមេរិក មានការព្រួយបារម្ភដល់សម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន។

តែយ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីអត្ថាធិប្បាយមួយដាច់ដោយឡែក ប្រមុខកិច្ចការការបរទេសនៃគណបក្សកុម្មុយនិស្ដចិន លោក យ៉ាង ជីឈី (Yang Jiechi) បានលើកឡើងថា កិច្ចសន្ទនាគឺជាវិធីសាស្ត្រតែមួយគត់ សម្រាប់ដោះស្រាយការខ្វែងគំនិតគ្នា ប៉ុន្តែមិនមែនមានន័យថា ប្រទេសចិនព្រមដកថយ ឬបោះបង់ចោលគោលជំហររក្សា ប្រយោជន៍ជាតិរបស់ខ្លួននោះទេ។ «ចិននឹងការពារអធិបតេយ្យជាតិ, សន្តិសុខ និងផលប្រយោជន៍របស់ខ្លួនដើម្បីអភិវឌ្ឍជាតិ... ហើយនេះគឺជាការប្ដេជ្ញាចិន ដែលមិនអាចកែប្រែបាន»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក Yang Jiechi។

កិច្ចប្រជុំរយៈពេល ០២ថ្ងៃក្នុងទីក្រុង Anchorage នៃរដ្ឋអាឡាស្កា កើតមានឡើងនៅចំពេលចិន និងសហរដ្ឋអាមេរិកកំពុងមានភាពតានតឹងគ្នាលើបញ្ហា ធំៗជាច្រើនក្នុងនោះរួមមានទាំង ទីក្រុងហុងកុង, សមុទ្រចិនខាងត្បូង, តំបន់ស៊ីនជាំង និងជំងឺឆ្លងរាតត្បាត COVID-19 ជាដើម។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រម្សិលមិញនេះ គណៈប្រតិភូបានចេញសេចក្តីថ្លែងការណ៍មួយទៀត ដោយសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើសហរដ្ឋអាមេរិក។ មន្ត្រីគណៈប្រតិភូចិនបានឧទ្ទេសនាម អំពីសភាពការណ៍នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ជាន់ខ្ពស់រវាងប្រទេសចិន និងអាមេរិកដោយគូសបញ្ជាក់ថា តបតាមការអញ្ជើញរបស់ភាគីអាមេរិក ភាគីចិនបានមកចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រ ជាមួយអាមេរិកដោយអកប្បកិរិយាស្មោះត្រង់ ហើយធ្វើបានត្រៀមលក្ខណៈតាមរបៀបវារៈ និងការរៀបចំដែលភាគីទាំងពីរបានគ្រោងទុក។

ប៉ុន្តែភាគីអាមេរិកបានអូសបន្លាយពេលវេលាថ្លែងសុន្ទរកថា ជាកិច្ចបើកការសន្ទនាយ៉ាងច្រើន ហើយចោទប្រកាន់ដោយគ្មានមូលហេតុ ចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់ប្រទេសចិន នោះគឺជាទង្វើបង្កជម្លោះ។ នេះមិនមែនជារបៀបរបបសម្រាប់ទទួលភ្ញៀវទេ ហើយក៏មិនសមស្របនឹងពិធីការការទូតដែរ ភាគីចិនបានប្រតិកម្មតប យ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ៕