(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦៥,៩៨១នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,២៦៨នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣០,៤២៥,៧៨៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៥៤,១០៤នាក់ និងជាសះស្បើយឡើងសរុប ២២,៦១០,៣២៥នាក់។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានអះអាងថា រដ្ឋបាលរបស់លោកបានសម្រេច គោលដៅរបស់ខ្លួនមុនកាលកំណត់ នោះគឺការចាក់់វ៉ាក់សាំងបង្ការ COVID-19 ដល់ប្រជាជនអាមេរិកឲ្យបាន ១០០លាននាក់ នៅក្នុងរយៈពេល ១០០ថ្ងៃដំបូង នៃការកាន់អំណាច ហើយគិតមកទល់ពេលនេះ ប្រជាជនអាមេរិកជាង ១០០លាននាក់ទៅហើយ បានទទួលការចាក់វ៉ាក់សាំង៕