(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) នៅថ្ងៃសុក្រសប្ដាហ៍នេះ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថក្នុងស្រុក AstraZeneca សម្រាប់ដូសដំបូងរបស់លោករួចរាល់ហើយ និងបានជំរុញសាធារណជនទាំងអស់ ឱ្យមកទទួលការចាក់វ៉ាក់សាំងនេះដូចគ្នា ដោយលោកបានអះអាងថា «មិនមានអារម្មណ៍ប៉ះពាល់អ្វីទាំងអស់»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១។

លោក បូរីស ចនសុន អាយុ ៥៦ឆ្នាំបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ដូសដំបូងរបស់លោកនៅមន្ទីរពេទ្យតែមួយ ដែលកាលពីជិតមួយឆ្នាំមុន លោកត្រូវបានក្រុមគ្រូពេទ្យ រៀបចំឱ្យសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត បន្ទាប់ពីលោកបានធ្វើតេស្តវិជ្ជមានចំពោះជំងឺនេះ និងបានធ្លាក់ខ្លួនឈឺធ្ងន់។

លោក ចនសុន បានលើកឡើងក្រោយទទួលការចាក់វ៉ាក់សាំង នៅឯមន្ទីរពេទ្យថូម៉ាស់ (St Thomas) ដែលស្ថិតនៅក្នុងទីក្រុងឡុងដ៍ថា «ខ្ញុំពិតជាមិនមានអារម្មណ៍ប្លែកអ្វីនោះទេ។ វាពិតជាល្អណាស់ ហើយរហ័សណាស់ និងមិនមានការឈឺចាប់អ្វីទាំងអស់។ ខ្ញុំមិនអាចណែនាំពីអត្ថប្រយោជន៍របស់វា ខ្ពស់ពេកនោះទេ ប៉ុន្តែអ្នករាល់គ្នានៅពេលដែលអ្នកទទួលបាន ការជូនដំណឹងទៅកាន់អ្នក ដើម្បីទៅចាក់វ៉ាក់សាំងនេះ សូមមេត្តាទៅទទួលវាចុះ ព្រោះវាជារឿងល្អបំផុតសម្រាប់អ្នក និងជារឿងល្អបំផុតសម្រាប់គ្រួសាររបស់អ្នក និងសម្រាប់មនុស្សគ្រប់គ្នា»

គួរបញ្ជាក់ថា លោក បូរីស ចនសុន បានទទួលការចាក់វ៉ាក់សាំង សម្រាប់ដូសដំបូងរបស់លោក ខណៈដែលបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួន នៅថ្ងៃសុក្រសប្ដាហ៍នេះ បានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ឡើងវិញ បន្ទាប់ពីនិយ័តករឱសថបានបញ្ជាក់ថា អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងនេះ មានច្រើនលើសលប់ជាងហានិភ័យទៅទៀត៕