(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានជំរុញឲ្យពិភពលោក បន្តការប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន AstraZeneca ខណៈនិយ័តករឱសថអឺរ៉ុប និងអង់គ្លេសក៏ទើបប្រកាសគាំទ្រជាថ្មី ចំពោះវ៉ាក់សាំងនេះដូចគ្នា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១។

នាយកអង្គការ WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន នាទីក្រុងហ្សឺណែវ ដែលជាទីស្នាក់ការកណ្តាលនៃអង្គការនេះថា «យើងអំពាវនាវឲ្យប្រទេសទាំងឡាយ បន្តការប្រើប្រាស់វ៉ាក់សាំង (AstraZeneca) ដ៏មានសារៈសំខាន់នេះ»

លោក Tedros បានសង្កត់ធ្ងន់យ៉ាងដូច្នេះទៀតថា «វ៉ាក់សាំង AstraZeneca គឺជាមានសារៈសំខាន់យ៉ាងពិសេស ពីព្រោះវាតំណាងឲ្យជាង ៩០% នៃវ៉ាក់សាំងដែលត្រូវបានបញ្ចេញឲ្យប្រើប្រាស់ក្នុងកម្មវិធី COVAX របស់អង្គការ WHO។ គ្មានសំនួរដែលត្រូវលើកឡើងនោះឡើយ។ COVID-19 គឺជាជំងឺមរណ ហើយវ៉ាក់សាំង Oxford-AstraZeneca អាចទប់ស្កាត់វាបាន។ យើងក៏គួរចងចាំឲ្យបានថា ជំងឺ COVID-19 នេះក៏អាចបង្កឲ្យមានកំណកឈាម និងគ្រោងឆ្អឹងចុះខ្សោយផងដែរ»

គួរបញ្ជាក់ថា ការអំពាវនាវជាថ្មីរបស់ប្រមុខ WHO បានកើតមានឡើងបន្ទាប់ពី ផ្នែកត្រួតពិនិត្យសុវត្ថិភាពឱសថរបស់ខ្លួន បានបញ្ចេញរបាយការណ៍ចុងក្រោយ អំពីផលប៉ះពាល់នៃការប្រើប្រាស់វ៉ាក់សាំង AstraZeneca ជារួម ដោយក្នុងនោះក្រុមជំនាញបានអះអាងថា ការចាក់វ៉ាក់សាំងរបស់អង់គ្លេសនេះ មិនបានបង្កឲ្យមានបញ្ហាកំណកឈាម (Blood Clot) ជាទូទៅនោះឡើយ។ ដោយឡែកនិយ័តករឱសថអឺរ៉ុបវិញ បានគូសបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា គុណសម្បត្តិរបស់វ៉ាក់សាំង AstraZeneca មានច្រើនលើសលប់ ជាងគុណវិបត្តិរបស់វា៕