(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន (DOH) នៅថ្ងៃសុក្រនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ចំនួន ៧,១០៣នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខអ្នកឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីមានការផ្ទុះរីករាលដាលនៃជំងឺនេះមក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១។

ក្នុងរយៈពេលដូចគ្នានេះ ចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់ ១២,៩០០នាក់ផងដែរ បន្ទាប់ពីអ្នកជំងឺ១៣នាក់ទៀតបានស្លាប់ ដោយសារវីរុសឆ្លងរាតត្បាតដ៏កាចសាហាវនេះ។ ដោយឡែកចំនួនអ្នកជំងឺដែលបានជាសះស្បើយ សរុបកើនឡើងដល់ ៥៦១,៩០២នាក់។

គួរបញ្ជាក់ថា នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហ្វីលីពីនដែលមានប្រជាជនសរុបប្រមាណ១១០លាននាក់ កំពុងជួបប្រទះនឹងរលកថ្មី នៃការឆ្លងរីករាលដាល COVID-19 ខណៈវិធានការរឹតត្បិតប្រឆាំងនឹងរាតត្បាតនេះ បានពង្រឹងបន្ថែមនៅទូទាំងក្រុង៕