(បាងកក)៖ ក្រុមកងកម្លាំងពិសេសប្រយុទ្ធប្រឆាំងជំងឺ COVID-19 របស់ប្រទេសថៃ នៅថ្ងៃសុក្រនេះបាននិយាយថា ខ្លួននឹងហាមឃាត់ការលេងបាញ់ទឹកដាក់គ្នានៅតាមដងផ្លូវដែលតែងតែកើតមានឡើងជារៀងរាល់ឆ្នាំ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យសង្ក្រានចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជាធម្មតាប្រព្រឹត្តទៅនៅនាពាក់កណ្ដាលខែមេសាខាងមុខនេះ ដោយសារតែការឆ្លងរាតត្បាតនៃជំងឺ COVID-19 ដែលវាជាការហាមឃាត់ឆ្នាំទី២ ហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១។

អ្នកនាំពាក្យក្រុមកម្លាំងពិសេសប្រយុទ្ធប្រឆាំងជំងឺ COVID-19 របស់ប្រទេសថៃ បានគូសបញ្ជាក់ប្រាប់សន្និសីទកាសែតមួយថា «ការលេងបាញ់ទឹកដាក់គ្នា នឹងមិនកើតមានឡើងនៅក្នុងការប្រារព្ធពិធីបុណ្យសង្ក្រានចូលឆ្នាំថ្មីនេះទេ។ យើងស្នើសុំឱ្យអ្នកទាំងអស់គ្នាត្រូវតែចូលរួមសហការជាមួយយើង ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅក្នុងប្រទេសរបស់យើង»

អ្នកនាំពាក្យរូបនោះ បានគូសបញ្ជាក់ប្រាប់បន្ថែមថា ពិធីជប់លៀងបាញ់ពពុះសាប៊ូ ជាមួយតន្រ្តីកំដរអារម្មណ៍ ក៏នឹងត្រូវបានហាមឃាត់ដែរ បើទោះបីជាប្រពៃណីនៃការចាក់ទឹកលើដៃរបស់មនុស្សចាស់ សកម្មភាពសាសនាផ្សេងៗ និងការធ្វើដំណើរកំសាន្តរវាងខេត្តនានា ដើម្បីទៅលេងសាច់ញាតិ នឹងត្រូវបានអនុញ្ញាតក៏ដោយ។

គួរបញ្ជាក់ថា ពិធីបុណ្យសង្ក្រានចូលឆ្នាំថ្មី តែងតែធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ហើយក្នុងមួយឆ្នាំៗតែងតែមានហ្វូងមនុស្សជាច្រើនដើរតាមដងផ្លូវ ដោយមានការលេងបាញ់ទឹកដាក់គ្នា ដែលវាត្រូវបានពិពណ៌នាថា ជាការលេងបាញ់ទឹកដ៏ធំបំផុតរបស់ពិភពលោក៕