(ប៉េកាំង)៖ នៅក្នុងមហាសន្និបាតនៃសភាទាំងពីរឆ្នាំ ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងអំពីការអភិវឌ្ឍ នាពេលអនាគតរបស់ប្រទេសចិន។ លោកបានគូសបញ្ជាក់ថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ជាប្រធានបទនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសចិនក្នុងអំឡុងពេលផែនការអភិវឌ្ឍន៍ ៥ ឆ្នាំ ទី ១៤ និងក្នុងរយៈពេលយូរជាងនេះ។

ប្រទេសចិនជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដែលបានផ្តល់ជាការណែនាំ និងការលើកទឹកចិត្តដល់ជនជាតិចិន ដែលទៅធ្វើការនៅបរទេស និស្សិតចិនបន្តការសិក្សានៅបរទេស និងបុគ្គលិកចិនទៅផ្តល់ជំនួយនៅបរទេស ក្នុងការគ្រោងផែនការអភិវឌ្ឍន៍របស់ខ្លួន នៅអំឡុងពេល ៥ ឆ្នាំខាងមុខនេះ។ តើពួកគេមានផែនការជីវិតយ៉ាងដូចម្តេច ?

លោក Xiao Qianwen ប្រធានក្រុមហ៊ុនផ្លូវដែកឡាវ និងចិនដែលទទួលបន្ទុកសាងសង់ និងដំណើរការផ្លូវដែកចិន -ឡាវ។ នៅក្នុងខែ មីនា ឆ្នាំ២០១៨ លោក Xiao Qianwen ត្រូវបានចាត់បញ្ជូនទៅធ្វើការនៅប្រទេសឡាវ ដោយក្រុមហ៊ុនផ្លូវដែកជាតិចិន ។ផែនការរបស់គាត់ក្នុងអំឡុងពេល ៥ឆ្នាំខាងមុខនេះ គឺរួមជាមួយសហសេវិក ខិតខំធ្វើការដើម្បីធានាដល់ការបើកដំណើរការផ្លូវដែកចិន - ឡាវយ៉ាងរលូននៅចុងឆ្នាំនេះ ក៏ដូចជាធ្វើឱ្យការកសាងផ្លូវដែកចិន - ឡាវក្លាយទៅជានិមិត្តរូបថ្មីនៃមិត្តភាពរវាងចិន និងឡាវក្នុងយុគសម័យថ្មី។

និយាយអំពីផែនការរយៈពេល ៥ ឆ្នាំ អ្នកនាង Wei Yutong ជានិស្សិតចិនដែលកំពុងសិក្សានៅសាកលវិទ្យាល័យ College London អ្នកនាងមានគោលដៅច្បាស់លាស់ និងមានជំនឿចិត្តយ៉ាងពេញលេញ ចំពោះផែនការអនាគត។ អ្នកនាងនិយាយថា យុគសម័យថ្មីបានផ្តល់ឱកាសថ្មី សម្រាប់ការអភិវឌ្ឍរបស់យុវជនយើង ប៉ុន្តែក៏នាំមកនូវបញ្ហាប្រឈមថ្មីៗផងដែរ។ នាងខ្ញុំមានមោទនភាព ដែលបានមើលឃើញ និងចូលរួមក្នុងដំណើរប្រវត្តិសាស្រ្ត នៃការស្តារភាពរុងរឿងថ្កុំថ្កើង របស់ប្រជាជាតិចិនឡើងវិញ។ ក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខនេះ បន្ទាប់ពីបញ្ចប់ថ្នាក់បណ្ឌិត នាងខ្ញុំចង់រួមចំណែកដល់ការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេស។

លោក Yang Zhongyun អាយុ ៣២ឆ្នាំកំពុងបំពេញបេសកកម្មរក្សាសន្តិភាព នៅភាគខាងត្បូងប្រទេសលីបង់។ លោកជាទាហានវិស្វកម្មនៃកងកម្លាំងរក្សាសន្តិភាពជុំទី ១៩ របស់ប្រទេសចិនដែលទៅបំពេញបេសកកម្មនៅលីបង់ បានដឹកនាំការងារបោសសំអាតមីន និងគ្រាប់មិនទាន់បំផ្ទុះជាដើម។ លោកថ្លែងថា ផែនការរយៈពេល ៥ឆ្នាំរបស់ខ្ញុំរួមមានការលើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយ នូវសមត្ថភាពបញ្ជាការប្រយុទ្ធ ខិតខំប្រឹងប្រែងក្នុងការធ្វើជាមេបញ្ជាការ នៃកងកម្លាំងវិស្វកម្មរក្សាសន្តិភាពថ្នាក់ទី៣ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស រក្សាសន្តិភាពឱ្យបានកាន់តែច្រើន។

លោក Dai Wenxue ប្រធានក្រុមវេជ្ជសាស្ត្រចិនជុំទី ៣៦ ដែលទៅផ្តល់ជំនួយនៅប្រទេសស៊ូដង់ កំពុងបំពេញភារកិច្ចផ្នែកសុខាភិបាល។ នៅខែ មករា ឆ្នាំនេះ គាត់និងមិត្តរួមក្រុមចំនួន ៤១ នាក់បានចាកចេញពីក្រុង ស៊ីអាន ខេត្ត ស្រានស៊ីទៅកាន់ទ្វីបអាហ្រ្វិក។ លោក Dai Wenxue បានថ្លែងថា ក្នុងនាមជាសមាជិកនៃក្រុមវេជ្ជសាស្ត្រចិន ផ្តល់ជំនួយដល់បរទេស យើងត្រូវមានស្មារតីសប្បុរសធម៌ និងសេចក្ដីស្រឡាញ់ ហើយបំពេញភារកិច្ចជួយសង្គ្រោះអាយុជីវិត និងព្យាបាលអ្នករងរបួស។

លោកស្រី Peng Yi ជាប្រធានភាគីចិននៃវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យចូហានណេសប៊ឺកនៅអាហ្វ្រិកខាងត្បូង មានចំណាប់អារម្មណ៍យ៉ាងជ្រាវជ្រៅ។ លោកស្រីសង្ឃឹមថា អាចជួយអាហ្វ្រិកខាងត្បូងបណ្តុះបណ្តាលធនធានមនុស្ស ដែលស្រឡាញ់វប្បធម៌ចិន និងជំរុញការអភិវឌ្ឍរបស់ចិន ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ ការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការមេត្រីភាពរវាងចិននិងអាហ្វ្រិក៕

ដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន