(តង់ហ្សានី)៖ អនុប្រធានាធិបតីលោកស្រី សាមីយ៉ា សូលូហ៊ូ ហាស់សាន់ (Samia Suluhu Hassan) បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្រ្តីដំបូងបំផុត របស់ប្រទេសតង់ហ្សានី បន្ទាប់ពីប្រធានាធិបតីលោក ចន ម៉ាហ្គូហ្វូលី (John Magufuli) បានទទួលបានមរណភាពភ្លាមៗយ៉ាងអាថ៌កំបាំង ខណៈមានការសង្ស័យថា លោកបានឆ្លង COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១។

លោកស្រី Hassan មានអាយុ៦១ឆ្នាំ ដែលជាស្ត្រីមូស្លីមម្នាក់មកពីកោះ ហ្សាន់ហ្ស៊ីបារ (Zanzibar) នឹងបញ្ចប់ការកាន់អំណាចរយៈពេល៥ឆ្នាំរបស់លោក Magufuli ដោយលោកស្រីនឹងកាន់តំណែងជាប្រធានាធិបតីរហូតដល់ឆ្នាំ២០២៥។ ថ្លែងនៅក្នុងពិធីស្បថចូលកាន់តំណែងនៅថ្ងៃសុក្រនេះ លោកស្រី Hassan បានស្បថ ដូច្នេះថា ៖ «ខ្ញុំ, Samia Suluhu Hassan សូមស្បថថានឹងមានស្មោះត្រង់ គោរពអនុវត្តតាម និងការពាររដ្ឋធម្មនុញ្ញនៃប្រទេសតង់ហ្សានី»

គួរបញ្ជាក់ថា លោកស្រី Samia Suluhu Hassan កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានប្រកាសតាមកញ្ចក់ទូរទស្សន៍រដ្ឋថាលោក John Magufuli មានអាយុ៦១ឆ្នាំ បានទទួលមរណភាពដោយសារជំងឺបេះដូងរុំារ៉ៃរយៈពេល១០ឆ្នាំមកហើយ នៅឯមន្ទីរពេទ្យ ដាអែស សាឡាម (Dar-Es-Salaam)។ ប៉ុន្តែក្រុមមន្ត្រីបក្សប្រឆាំងក្នុង ប្រទេសតង់ហ្សានីដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានអះអាងថាលោក Magufuli បានឆ្លង COVID-19 និងបានស្លាប់រយៈពេលមួយសប្ដាហ៍មកហើយ៕