(រ៉ង់ហ្គូន)៖ ខណៈដែលយោធាមីយ៉ាន់ម៉ាហាក់មិនបន្ធូរដៃ នៅក្នុងការបង្រ្កាបក្រុមបាតុករនោះ នាពេលនេះប្រជាជនមីយ៉ាន់ម៉ា កំពុងតែនាំគ្នាភៀសខ្លួនចេញពីទីក្រុងរ៉ង់ហ្គូន (Yangon) ដែលជាទីក្រុងមានប្រជាជនរស់នៅច្រើនបំផុត របស់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១។

នៅក្នុងសប្តាហ៍នេះ យោធាមីយ៉ាន់ម៉ាបានចេញបញ្ជាឲ្យអនុវត្តច្បាប់អាជ្ញាសឹក នៅតំបន់សរុបចំនួន ០៦ ក្នុងទីក្រុងរ៉ង់ហ្គូន ដែលប្រការនេះធ្វើឲ្យប្រជាជនមីយ៉ាន់ម៉ាជិត ០២លាននាក់ ស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រុមមេបញ្ជាការយោធា។ ទីតាំងមួយចំនួននៃតំបន់ទាំងនោះ ក៏បានក្លាយជាកន្លែងតតាំងគ្នាផងដែរ រវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខ។

បណ្តាញព័ត៌មានក្នុងស្រុកនៅប្រទេសមីយ៉ាន់ម៉ា នាថ្ងៃសុក្រនេះបានផ្សាយពីទិដ្ឋភាព នៃការកកស្ទះចរាចរណ៍ នៅតាមបណ្តាច្រកផ្លូវធំៗ ដែលសំដៅចាកចេញពីទីក្រុងរ៉ង់ហ្គូន ស្របពេលដែលប្រជាជនមីយ៉ាន់ម៉ា នាំគ្នាភៀសខ្លួនចេញពីទីក្រុងនេះ ទៅកាន់តំបន់ជនបទ ព្រោះពួកគេភាគច្រើនយល់ថា ទីក្រុងដែលពួកគេរស់នៅ គឺហាក់លែងមានសុវត្ថិភាពទៀតហើយ។ ក្នុងថ្ងៃដដែលនេះ មនុស្សមួយចំនួនទៀតត្រូវគេរាយការណ៍ថា បានស្លាប់ ដែលធ្វើឲ្យចំនួនមនុស្សបាត់បង់ជីវិតសរុប គិតចាប់តាំងតែពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ រហូតមកទល់ឥឡូវនេះកើនដល់ជិត ២៣០នាក់ហើយ។

ចំណែកនៅខេត្ត តាក (Tak) ប្រទេសថៃ ដែលស្ថិតជាប់ព្រំដែនមីយ៉ាន់ម៉ាវិញ គឺអាជ្ញាធរថៃបាននិយាយថា ពួកគេកំពុងត្រៀមរៀបចំ កន្លែងជ្រកកោនបណ្តោះអាសន្ន ក្នុងករណីដែលមានលំហូរជនភៀសខ្លួន មកពីប្រទេសមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ ( Joko Widodo) នៅថ្ងៃសុក្រនេះបានធ្វើការអំពាវនាវ ឲ្យបញ្ឈប់ការប្រើប្រាស់អំពើហិង្សា និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ឥណ្ឌូណេស៊ីក៏បានអំពាវនាវផងដែរឲ្យសមាគមនេះ រៀបចំកិច្ចប្រជុំកម្រិតខ្ពស់មួយដើម្បីពិភាក្សាអំពីវិបត្តិ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងថា តើអាស៊ាននឹងរៀបចំកិច្ចប្រជុំ នៅពេលណាឡើយ ខណៈដែលបច្ចុប្បន្ននេះ ប្រទេសប្រ៊ុយណេគឺជាប្រធានអាស៊ាន៕