(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃសុក្រនេះបានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១០០នាក់បន្ថែមទៀត ខណៈអ្នកជំងឺម្នាក់ទៀតផងដែរបានស្លាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១។

CCSA បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១០០ករណីខាងលើនេះ មាន ៩៦ករណី ជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន ៤៧ករណី ត្រូវបានរកឃើញនៅខេត្ត សាមុត សាខន (Samut Sakhon), ២២ករណីនៅទីក្រុង បាងកក (Bangkok), និង ២៧ករណីទៀតនៅបណ្ដាខេត្តផ្សេងៗ។ ចំណែកឯ ០៤ករណីផ្សេងទៀត ជាករណីនាំចូល ត្រូវបានរកឃើញនៅលើអ្នកដំណើរ ដែលបានវិលត្រលប់មកពីបរទេសវិញ។

CCSA បានគូសបញ្ជាក់បន្ថែមថា អ្នកជំងឺម្នាក់ដែលបានស្លាប់នោះ គឺជាស្រ្តីអាយុ ៥៣ឆ្នាំ ដែលរស់នៅ និងធ្វើការនៅខេត្ត Samut Sakhon ដោយស្ត្រីរូបនេះមានជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺសួតប្រចាំកាយស្រាប់។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២៧,៥៩៤ករណី ក្នុងនោះមានអ្នកស្លាប់ ៩០នាក់ និងអ្នកជាសះស្បើយឡើងវិញ ២៦,៤៥០នាក់៕