(សេអ៊ូល)៖ បន្ទាប់ពីមិននិយាយរករដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន អស់រយៈពេលជាង២ខែ កូរ៉េខាងជើងនៅក្នុងសប្ដាហ៍នេះបានចេញមុខព្រមានចំៗថានឹងមិនចូលរួមក្នុងកិច្ចចរចាណាមួយឡើយ ដរាបណាសហរដ្ឋអាមេរិកមិនព្រមបោះបង់ចោល «គោលនយោបាយអរិភាព» ទេនោះ។ «គោលនយោបាយអរិភាព» គឺសំដៅជាពិសេសទៅលើការដាក់ទណ្ឌកម្ម រួមទាំងការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែល របបដឹកនាំលោក គីម ជុងអ៊ុនតែងតែចាត់ទុកថាជាសកម្មភាពត្រៀមឈ្លានពានកូរ៉េខាងជើង។

ការព្រមានខាងលើរបស់កូរ៉េខាងជើង វាមិនមែនជារឿងអ្វីថ្មីនោះទេ ហើយក្រុមអ្នកវិភាគខ្លះយល់ថាការព្រមាននេះទៀតសោតគ្រាន់តែជាការចាប់ផ្ដើម នយោបាយ «ការទូតទៅមុខទៅក្រោយ» ដែលកូរ៉េខាងជើងចង់ប្រើប្រាស់ដើម្បីបង្ខំឱ្យសហរដ្ឋអាមេរិកផ្ដល់សម្បទាន និងរៀបចំកិច្ចចរចាឡើងវិញតែប៉ុណ្ណោះ ដ្បិតអ្នកដែលកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ច គឺកូរ៉េខាងជើង។ យ៉ាងណាក៏ដោយ កិច្ចចរចាអាចនឹងកើតឡើងឬក៏អត់ វាអាស្រ័យទៅលើការត្រួតពិនិត្យឡើងវិញ នូវគោលនយោបាយចំពោះកូរ៉េខាងជើងនៃរដ្ឋបាលលោក ចូ បៃដិន ដែលនឹងត្រូវបញ្ចប់ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ។

*ហេតុអ្វីកូរ៉េខាងជើងផ្ទុះកំហឹង?

ចាប់តាំងពីឆ្នាំ១៩៩២មក គោលនយោបាយអាមេរិកចំពោះកូរ៉េខាងជើងគឺស្វែងរក «ការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ» ដែលនេះមានន័យយ៉ាង សាមញ្ញថាសហរដ្ឋអាមេរិកនឹងមិនដាក់ប្រចាំការយន្ដហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ នៅកូរ៉េខាងត្បូង ហើយទីក្រុងសេអ៊ូលក៏មិនអាចកាន់កាប់អាវុធ នុយក្លេអ៊ែរនោះដែរ ដើម្បីឱ្យកូរ៉េខាងជើងមានអារម្មណ៍ថាមានសុវត្ថិភាព ហើយបោះបង់ចោលអាវុធនុយក្លេអ៊ែរ។

ក៏ប៉ុន្តែពាក្យថា «រំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ» ស្រាប់តែប្ដូរមកជាពាក្យថា «រំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងទៅវិញ»។ កាលពីខែកុម្ភៈ កន្លងទៅ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) បានប្រាប់សន្និសីទរំសាយអាវុធរបស់អង្គការសហប្រជាជាតិថាអាមេរិក នៅតែផ្ដោតជាសំខាន់លើការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ លើសពីនេះទៅទៀត កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិករួមទាំងប្រទេសជាសម្ព័ន្ធមិត្ត ជប៉ុន, ឥណ្ឌា, អូស្ត្រាលីបានចេញសេចក្ដីថ្លែងការណ៍រួមមួយដោយប្រើពាក្យ «រំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង» ហើយមកដល់ថ្ងៃអាទិត្យសប្ដាហ៍មុននេះ លោក ប្លីនខិន និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អោស្ទីន (Lloyd Austin) នាឱកាសបំពេញដំណើរទស្សនកិច្ចក្នុងប្រទេសជប៉ុន ក៏នៅតែប្រើពាក្យ «រំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង» ដដែល។

សម្រាប់ទីក្រុងព្យុងយ៉ាង ពាក្យថា «រំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង» មានន័យថាតម្រូវឱ្យតែកូរ៉េខាងជើងតែមួយគត់ដែលត្រូវតែរំសាយអាវុធនុយក្លេអ៊ែរ ពោលគឺមិនមែនឧបទ្វីបកូរ៉េទាំងមូលនោះទេ ហើយអាមេរិកអាចបន្តរក្សាទុកអាវុធនុយក្លេអ៊ែររបស់ខ្លួនដើម្បីការពារកូរ៉េខាងត្បូង។ គោលជំហរបែបនេះទទួល បានការស្វាគមន៍ពីសម្ព័ន្ធមិត្តអាមេរិកដូចជាជប៉ុនដែលចង់ឱ្យមានជំហរដាច់ខាតចំពោះកូរ៉េខាងជើង។ តែទីក្រុងសេអ៊ូល ដែលនៅតែចង់រក្សាបណ្ដាញទាក់ទង ជាមួយកូរ៉េខាងជើង រួមទាំងលោក គីម ជុងអ៊ុនផ្ទាល់ប្រហែលជាមិនពេញចិត្តឡើយ។

*កិច្ចចរចា និងសម្ពាធ

គ្មានអ្នកជំនាញណាម្នាក់ដែលជឿថាកូរ៉េខាងជើងនឹងបោះចោលអាវុធនុយក្លេអ៊ែរនោះទេ ដ្បិតអាវុធនុយក្លេអ៊ែរគឺជាអាយុជីវិតនៃរបបដឹកនាំរបស់លោក គីម ជុងអ៊ុន។ សម្រាប់លោក គីម ជុងអ៊ុន មានអាវុធនុយក្លេអ៊ែរ ទើបអាចធានាបានថាលោកនឹងមិនមានវាសនាដូចអតីតមេដឹកនាំលីប៊ី លោក ហ្កាដាហ្វី ឬមេដឹកនាំ អីរ៉ាក់សាដាំ ហូសេន ហើយម្យ៉ាងវិញទៀតមានអាវុធនុយក្លេអ៊ែរ ទើបអាចពើងទ្រូងនិយាយស្មើមុខស្មើមាត់ ហើយអាចកំញើញកុំឱ្យសហរដ្ឋអាមេរិក ប្រើប្រាស់កម្លាំងយោធាទៀតផង។ ឬនិយាយងាយយល់ គ្មានប្រទេសណាដែលល្ងង់ទៅបោះចោលអាវុធនុយក្លេអ៊ែរដែលខ្លួនបានចំណាយលុយ រាប់ពាន់លានដុល្លារក្នុងការអភិវឌ្ឍ និងផលិតនោះទេ។

លោក គីម ជុងអ៊ុន កាលពីដើមឆ្នាំ២០២១ បានសន្យាថានឹងបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ រួមទាំងមីស៊ីល ICBM ឱ្យកាន់តែទំនើប និងមានសមត្ថភាពខ្ពស់ ដោយថែមទាំងសង្កត់ធ្ងន់ទៀតផងថា ទោះជានរណាឡើងធ្វើជាប្រធានាធិបតី ក៏នយោបាយអាមេរិកប្រឆាំងកូរ៉េខាងជើងមិនផ្លាស់ប្ដូរដែរ។ តែនេះមិនមែនមាន ន័យថាលោក គីម ជុងអ៊ុនបិទខ្ទប់ទាំងស្រុងការចរចាជាមួយសហរដ្ឋអាមេរិកនោះទេ។ បើតាមលោក ស៊ីន ប៊ុនឈុល (Shin Beomchul) ជាអ្នកវិភាគម្នាក់ មកពីវិទ្យាស្ថានស្រាវជា្រវសម្រាប់យុទ្ធសាស្ត្រជាតិ (Research Institute for National Strategy) មានមូលដ្ឋាននៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កូរ៉េខាងជើងនៅតែចង់បានសម្បាទានតាមរយៈកិច្ចចរចាជាមួយសហរដ្ឋអាមេរិក តែទាស់នៅត្រង់ថាតើរបបដឹកនាំលោក គីមត្រូវធ្វើដូចម្ដេចទើបអាច ចាប់ផ្ដើមកិច្ចសន្ទនាឡើងវិញ។

លោក ស៊ីន ប៊ុនឈុល បន្ថែមថានៅក្នុងបរិបទដែលលោក គីម ជុងអ៊ុនកំពុងផ្ដោតលើការដោះស្រាយវិបត្តិសេដ្ឋកិច្ចបង្កឡើងដោយ COVID-19 បូករួមទាំង ទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីបញ្ចៀសអស្ថិរភាពនៅក្នុងស្រុក កូរ៉េខាងជើងអាចនឹងស្វះស្វែងចង់បានកិច្ចចរចាជាមួយសហរដ្ឋអាមេរិក បើសិនជាផែនការសេដ្ឋកិច្ច របស់លោក គីមទទួលបរាជ័យជាថ្មី។ «បើកូរ៉េខាងជើងចង់បានកិច្ចចរចាជាចាំបាច់ពិតមែន នោះពួកគេអាចនឹងធ្វើតេស្ដមីស៊ីលរយៈចម្ងាយខ្លី ឬក៏មីស៊ីល អន្តរទ្វីប ICBM តែម្ដងនៅថ្ងៃទី១៥ ខែមេសាខាងមុខនេះដែលជាថ្ងៃខួបកំណើតនៃអតីតមេដឹកនាំកូរ៉េខាងជើង និងជាជីតាលោក គីម ជុងអ៊ុន គឺលោក គីម អ៉ីលស៊ុង ដើម្បីដាក់សម្ពាធឱ្យទីក្រុងវ៉ាស៊ីនតោនចូលរួមក្នុងកិច្ចចរចា»។ នេះជាការគូសបញ្ជាក់របស់លោក ស៊ីន ប៊ុនឈុល។

គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនមិនទាន់បានចេញបញ្ជាឱ្យធ្វើតេស្ដមីស៊ីលបាលិស្ទីគ ឬអាវុធនុយក្លេអ៊ែរនៅឡើយទេនៅក្នុងឆ្នាំ២០២១ នេះ ហើយក៏មិនបានធ្វើតេស្ដមីស៊ីល ICBM ឬអាវុធនុយក្លេអ៊ែរដែរ ចាប់តាំងពីលោក គីមបានជួបពិភាក្សាជាច្រើនលើកជាមួយលោក ដូណាល់ ត្រាំ ជាពេល ដែលស្ថានភាពនៅលើឧបទ្វីបកូរ៉េហាក់ដូចជាស្ងាប់ស្ងាត់មួយរយៈធំ។ ប៉ុន្តែលោក ចូ បៃដិនបានសន្យាថាលោកនឹងធ្វើដូចជាលោក ត្រាំ ដោយនឹងមិនជួប លោក គីម ដោយងាយៗនោះឡើយ ហើយថានឹងសហការជាមួយសម្ព័ន្ធមិត្តដើម្បីដោះស្រាយជាមួយទីក្រុងព្យុងយ៉ាង៕

ប្រភព៖ Associated Press (ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១)