(ប៉ារីស)៖ អ្នកនាំពាក្យរដ្ឋាភិបាលបារាំងលោក កាលព្រីយែល អាតាល់ ( Gabriel Attal) បានថ្លែងថា គ្មានអ្វីហេតុផលណាមួយដែលប្រទេសនេះ ត្រូវធ្វើការបដិសេធចំពោះវ៉ាក់សាំង AstraZeneca របស់អង់គ្លេសនោះឡើយ។ ការលើកឡើងបែបនេះត្រូវបានធ្វើឡើង បន្ទាប់ពីប្រទេសបារាំងបានប្រកាសបិទ ទីក្រុងប៉ារីស និងតំបន់មួយចំនួនទៀត ដោយសារតែចំនួនករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មី បាននិងកំពុងកើនឡើងយ៉ាងគំហុក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១។

នៅថ្ងៃសុក្រនេះប្រទេសបារាំង បានសម្រេចចិត្តឲ្យបន្តការប្រើប្រាស់ វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន AstraZeneca បន្ទាប់ពីទីភ្នាក់ងារត្រួតពិនិត្យគុណភាពឱសថអឺរ៉ុប (EMA) បានអះអាងឡើងវិញថា គុណសម្បត្តិរបស់វ៉ាក់សាំងនេះ មានច្រើនលើសពីគុណវិបត្តិ។

គួរបញ្ជាក់ថា ប្រទេសជាង ១០ ឯណោះនៅលើពិភពលោក ជាពិសេសនៅតំបន់អឺរ៉ុប បានសម្រេចចិត្តផ្អាកការប្រើប្រាស់វ៉ាក់សាំង AstraZeneca ក្រោយពីមានសេចក្តីរាយការណ៍មួយចំនួនថា វ៉ាក់សាំងនេះអាចបង្កឲ្យមានបញ្ហា កំណកឈាមនៅក្នុងសសៃឈាម (Blood Clot)។ ប៉ុន្តែក្រោយពីមានការបញ្ជាក់សាជាថ្មី ពីសំណាក់និយ័តករឱសថអឺរ៉ុប ប្រទេសទាំងនោះបានចាប់ផ្តើមអនុញ្ញាត ឲ្យបន្តការប្រើប្រាស់វ៉ាក់សាំងនេះ ឡើងវិញជាបណ្តើរៗហើយ។ ដោយឡែកនាយករដ្ឋមន្ត្រីបារាំង លោក ហ្សង់ កាស្តិច (Jean Castex) ក៏នឹងទទួលការចាក់វ៉ាក់សាំង AstraZeneca នៅថ្ងៃសុក្រនេះផងដែរ៕