(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃសុក្រនេះ បានផ្តាច់ចំណងការទូតជាមួយប្រទេសម៉ាឡេស៊ី ដែលវាជាការកាត់ផ្តាច់ភ្លាមៗនូវទំនាក់ទំនងមួយ ដែលធ្លាប់តែជិតស្និទ្ធនឹងគ្នា ប៉ុន្តែបានជួបភាពរង្គោះរង្គើ បន្ទាប់ពីករណីឃាតកម្មដ៏គួរឱ្យតក់ស្លុតលើបងប្អូនប្រុសម្តាយទីទៃរបស់ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) នៅឯអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ (Kuala Lumpur) កាលពីបួនឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន APF នៅថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១។

ក្រសួងការបរទេសទីក្រុងព្យុងយ៉ាង (Pyongyang) បានគូសបញ្ជាក់ថា ការសម្រេចបែបនេះ គឺជាឆ្លើយតបទៅនឹងការធ្វើបត្យាប័នរបស់ម៉ាឡេស៉ី ចំពោះពលរដ្ឋកូរ៉េខាងជើងទៅកាន់សហរដ្ឋអាមេរិក កាលពីដើមខែនេះ។ កូរ៉េខាងជើង បានចាត់ទុកទង្វើរបស់ម៉ាឡេស៉ីថាជា «ឧក្រិដ្ឋកម្មដែលមិនអាចអត់ឱនឲ្យបាន» ប្រព្រឹត្តទៅក្រោម «ការស្តាប់បង្គាប់ដោយងងឹតងងុល» ព្រោះតែសម្ពាធរបស់សហរដ្ឋអាមេរិក។

ប្រទេសម៉ាឡេស៊ី ធ្លាប់ជាប្រទេសសម្ព័ន្ធមិត្តជិតស្និទ្ធមួយរបស់ប្រទេសកូរ៉េខាងជើង អ្វីចំណងទាក់ទងនេះ បានធ្លាក់ចុះដុនដាប ពេលដែល បងប្អូនប្រុសម្តាយទីទៃរបស់លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ (Kim Jong Nam) ត្រូវបានគេធ្វើឃាតដោយថ្នាំពុល នៅពេលលោករង់ចាំជើងហោះហើរ នៅឯអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ នៃប្រទេសម៉ាឡេស៉ី។

គួរបញ្ជាក់ថា ភាពចុះដុនដាបនៃទំនាក់ទំនងដោយសារតែរឿងនេះ គឺហាក់បានចាប់ផ្តើមវិលទៅដូចដើម ជាមួយការប្រកាសរបស់ម៉ាឡេស៉ី អំពីការបើកទ្វារស្ថានទូតរបស់ខ្លួនឡើងវិញ នៅទីក្រុងព្យុងយ៉ាង ក៏ប៉ុន្តែការប្រកាសរបស់កូរ៉េខាងជើងនៅថ្ងៃសុក្រនេះ គឺជាការបិទបញ្ចប់ យ៉ាងតក់ក្រហល់តែម្តងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៕