(ញូដេលី)៖ នៅថ្ងៃសុក្រនេះ អាជ្ញាធរឥណ្ឌាបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ទៅចំនួនជិត ០៤ម៉ឺននាក់ឯណោះ ក្នុងរយៈពេលត្រឹមមួយថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលឥណ្ឌាប្រទេសបានឲ្យដឹងថា ចំនួនករណីឆ្លងថ្មីៗនៃ COVID-19 ដែលត្រូវបានរកឃើញក្នុងរយៈពេលមួយថ្ងៃកន្លងទៅ គឺមាន៣៩,៧២៦នាក់ ដែលជាតួលេខឆ្លងប្រចាំថ្ងៃដ៏ខ្ពស់បំផុត គិតក្នុងអំឡុងពេលជាង០៣ខែមកនេះ។ បណ្តារដ្ឋឥណ្ឌាដែលកំពុងរងការឆ្លងរាតត្បាតខ្លាំង ដូចជារដ្ឋម៉ាហារ៉ាស្រ្តា (Maharashtra) នៅភាគខាងលិច បាននិងកំពុងអនុវត្តវិធានការរឹតត្បិតជាថ្មីម្តងទៀត ដើម្បីទប់ទល់ស្ថានការណ៍។

គួរបញ្ជាក់ថា ចំនួនអ្នកឆ្លង COVID-19 សរុបនៅទូទាំងប្រទេសឥណ្ឌា គឺ១១.៥១លាននាក់ ដែលជាចំនួនខ្ពស់បំផុតលំដាប់ទី០៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៉ីល។ រីឯចំនួនអ្នកជំងឺដែលបានបាត់បង់ជីវិតវិញមាន១៥៩,៣៧០នាក់ និងជាសះស្បើយជាង១១លាននាក់៕