(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ ( Joko Widodo) នៅថ្ងៃសុក្រនេះបានធ្វើការអំពាវនាវ ឲ្យបញ្ឈប់ការប្រើប្រាស់អំពើហិង្សា និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ឥណ្ឌូណេស៊ីក្នុងនាមសមាជិកចម្បងនៅមួយនៅអាស៊ាន ក៏បានអំពាវនាវផងដែរឲ្យសមាគមនេះ រៀបចំកិច្ចប្រជុំកម្រិតខ្ពស់មួយ ដើម្បីពិភាក្សាអំពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១។

លោក ចូកូ វីដូដូ បានថ្លែងនៅថ្ងៃសុក្រនេះ តាមរយៈប្រព័ន្ធវីដេអូអនឡាញថា «ខ្ញុំនឹងជម្រាបជាបន្ទាន់ទៅកាន់ប្រទេសប្រ៊ុយណេ ដែលជាប្រធានអាស៊ាន ឲ្យរៀបចំកិច្ចប្រជុំអាស៊ានកម្រិតខ្ពស់មួយ ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីពិភាក្សាអំពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា»។ បច្ចុប្បន្នប្រទេសប្រ៊ុយណេ គឺជាប្រធានសមាគមអាស៊ាន ដែលមានប្រទេសចំនួន ១០ ជាសមាជិក។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ និងការជំរុញរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី ឲ្យរៀបចំកិច្ចប្រជុំបន្ទាន់ ស្តីពីវិបត្តិនៅមីយ៉ាន់ម៉ាខាងលើនេះ បានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេទ័ពអាកាសរបស់លោក បានបង្ហាញក្តីព្រួយបារម្ភអំពីស្ថានការណ៍នៅមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំតាមវីដេអូខុនហ្វ្រិន រវាងបណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ាន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាលោក មីន អោង ហ្លេង ក៏បានបង្ហាញវត្តមាននៅក្នុងកិច្ចប្រជុំខាងលើនេះដែរ ដោយវាជាការបង្ហាញវត្តមាន ក្នុងវេទិកាអន្តរជាតិលើកដំបូងរបស់លោក គិតចាប់តាំងពីយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី ចេញពីអំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១៕