(ប៉េកាំង)៖ បច្ចុប្បន្ននេះ បច្ចេកវិទ្យាបានក្លាយជាកត្តាសកម្មបំផុតនៃផលិតភាពក្នុងសម័យទំនើប។ តើធ្វើយ៉ាងណាអាចឱ្យការច្នៃប្រឌិតថ្មីក្លាយជាកម្លាំងចលករ ដែលមិនចេះអស់សម្រាប់ជំរុញវិបុលភាព និងភាពរីកលូតលាស់របស់ប្រទេសមួយ គឺជាបញ្ហាប្រឈមក្នុងយុគ្គសម័យនេះ ដែលចាំបាច់ត្រូវឆ្លើយតប។

ក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីររបស់ប្រទេសចិននៅឆ្នាំនេះ ការច្នៃប្រឌិតថ្មីនិងបច្ចេកវិទ្យាជាបញ្ហាពិភាក្សា ដែលទទួលបានការយកចិត្តទុកដាក់បំផុត។ តាមស្ថិតិបានឱ្យដឹងថា នៅឆ្នាំ២០១៩ ថវិកាសម្រាប់សិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនៃប្រទេសចិន បានកើនឡើងដល់ ២.២ ទ្រីលានយាន់ប្រាក់ចិន ដែលរក្សាកំណើនជាពីរខ្ទង់ក្នុងរយៈពេល៤ឆ្នាំជាប់ៗគ្នា ហើយទំហំសរុបស្ថិតក្នុងលំដាប់ទី២ នៅលើពិភពលោក។

យោងតាម «របាយការណ៍ស្តីពីសន្ទស្សន៍នវានុវត្តន៍ជាសកល» ដែលចេញផ្សាយដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានឱ្យដឹងថា ក្នុងឆ្នាំ២០១៩ សន្ទស្សន៍នវានុវត្តន៍របស់ចិនបានឈរនៅលំដាប់ទី១៤ លើពិភពលោកដែលរក្សានិន្នាការកើនឡើង ក្នុងរយៈពេល៤ឆ្នាំជាប់ៗគ្នា។ ទិន្នន័យទាំងនេះសុទ្ធតែបង្ហាញថា ប្រទេសចិនបានឈានចូលក្នុង «ជួរប្រទេសបែបច្នៃប្រឌិតថ្មី» ព្រមនិងកំពុងបោះជំហានទៅរកគោលដៅ ស្តីពីការឈានចូលក្នុង «ជួរមុខប្រទេសបែបច្នៃប្រឌិតថ្មី»

នាពេលបច្ចុប្បន្ននេះ ដំណាក់កាលអភិវឌ្ឍន៍ បរិយាកាសនិងលក្ខខណ្ឌរបស់ប្រទេសចិន បាននិងកំពុងមានការកែប្រែ ដូច្នេះមានតម្រូវការជាបន្ទាន់ ក្នុងការពង្រឹងសមត្ថភាពដែលជំរុញដោយការច្នៃប្រឌិតថី្មផែ្នកបច្ចេកវិទ្យា។ ក្នុងដំណាក់កាលបច្ចុប្បន្ននេះ ការច្នៃប្រឌិតថ្មីផែ្នកបច្ចេកវិទ្យារបស់ប្រទេសចិន កំពុងស្ថិតក្នុងដំណាក់កាលគន្លឹះ ដែលលើកស្ទួយពីបរិមាណច្រើនទៅរកគុណភាពខ្ពស់។

ការដែលយកការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ទៅជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គឺមានន័យថា ការផ្គត់ផ្គង់ តម្រូវការ បរិយាកាស ការសិក្សាស្រាវជ្រាវ ការធ្វើប្លង់ ការវិនិយោគនិងពាណិជ្ជកម្មជាមួយបរទេស ក៏ដូចជាដំណើរវិលជុំទាំងជាតិនិងអន្តរជាតិ សុទ្ធតែត្រូវមានគុណភាពខ្ពស់ផងដែរ។

ប្រទេសចិននឹងពន្លឿនការកសាងប្រទេសបែបច្នៃប្រឌិតថ្មី និងប្រទេសខ្លាំងក្លាផែ្នកបច្ចេកវិទ្យា។ នៅឆ្នាំ២០៣៥ ខាងមុខនេះ ប្រជាជនចិនជាង១៤ពាន់លាននាក់នឹងសម្រេចបាននូវ ទំនើបភារូបនីយកម្មជាមូលដ្ឋាន ដែលប្រការនេះនឹងជាការរួមចំណែកយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍរបស់មនុស្សជាតិ។ គួរតែធ្វើឱ្យមានសុក្រឹតភាពនូវយន្តការ ស្តីពីការយកការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ទៅជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ពន្លឿនការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធការអប់រំ ប្រព័ន្ធច្នៃប្រឌិតថ្មី និងប្រព័ន្ធឧស្សាហកម្មទំនើបនិងជំរុញបច្ចេកទេស ផលិតផលនិងស្តង់ដាររបស់ចិនឱ្យវិវឌ្ឍរីកចម្រើន ប្រកបដោយគុណភាពខ្ពស់។

ប្រទេសចិននឹងពង្រឹងដោយគ្រប់ជ្រុងជ្រោយនូវ ការសិក្សាស្រាវជ្រាវជាមូលដ្ឋាននិងការសិក្សាស្រាវជ្រាវ ដែលអាចប្រើប្រាស់ជាក់ស្តែង។ នៅឆ្នាំ២០២០ ថវិកានៃការសិក្សាស្រាវជ្រាវជាមូលដ្ឋានរបស់ប្រទេសចិន មានអនុបាតលើសពី៦ភាគរយនៃថវិកាសរុប សម្រាប់ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ក្នុងសង្គមទាំងមូលជាលើកដំបូង។ ការសិក្សាស្រាវជ្រាវជាមូលដ្ឋាន គឺជាដើមប្រភពនៃការច្នៃប្រឌិតថ្មី គួរតែពន្លឿនការច្នៃប្រឌិតថ្មីផែ្នកបច្ចេកវិទ្យាលើគ្រប់វិស័យ ក្តាប់ជាប់ឱកាសឱ្យមុន ក្នុងការប្រកួតប្រជែងខាងបច្ចេកវិទ្យាជាសកល ដើម្បីពង្រឹងមូលដ្ឋានក្នុងការកសាងប្រទេសខ្លាំងក្លាផែ្នកបច្ចេកវិទ្យា។

ប្រទេសចិននឹងធ្វើឱ្យយន្តការនៃការច្នៃប្រឌិតថ្មីផែ្នកបច្ចេកវិទ្យា មានសុក្រឹតភាព ប្រកាន់ខ្ជាប់នូវស្តង់ដារកំណែទម្រង់ ដែល «មានអំណោយផលដល់ការលើកកម្ពស់ប្រសិទ្ធភាព នៃការចាត់ចែងធនធាន និងមានអំណោយផលដល់ ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអភិវឌ្ឍ» ធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចនៃការច្នៃប្រឌិតថ្មីផែ្នកបច្ចេកវិទ្យា រួមបញ្ជូលទៅក្នុងប្រព័ន្ធអភិបាលកិច្ចជាតិ និងកំណែទម្រង់ផ្នែករចនាសម័្ពន្ធផ្គត់ផ្គង់ ដើម្បីធ្វើឱ្យកំណែទម្រង់គ្រប់ផែ្នកអាចដើរតួនាទីកាន់តែខ្លាំងឡើងៗ ក្នុងការជំរុញការបង្កើតជានិម្មាបនកម្មអភិវឌ្ឍន៍ថ្មី។

លទ្ធផលជាផ្លែផ្កាខាងវិទ្យាសាស្ត្រ និងបច្ចេកទេសសំខាន់ៗនៃប្រទេសចិន ដូចជា យានអវកាសវាស់ស្ទង់ Chang E-5 និងយានអវកាសរុករកភាពព្រះអង្គារ Tian wen-1 ជាដើមបាននិងកំពុងធ្វើឱ្យពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក ដំណឹងល្អអំពីសមិទ្ធផលដ៏សំខាន់ៗជាច្រើន ដែលតំណាងឱ្យបច្ចេកវិទ្យាឈានមុខនៃប្រទេសចិន ត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ ដែលបានប្រមូលផ្តុំការយកចិត្តទុកដាក់ជាសកល ក៏ដូចជាសមិទ្ធផលថ្មីបានលេចចេញមួយហើយមួយទៀត ដែលបានកែប្រែជីវភាពរស់នៅរបស់ប្រជាជនផងដែរ។

តាមរយៈការពន្លឿនការកសាងប្រទេសជាតិបែបច្នៃប្រឌិតថ្មី ប្រទេសចិនដែលពោរពេញទៅដោយភាពក្លៀវក្លា និងកម្លាំងរស់រវើក កំពុងលោតផ្លោះគោលដៅសំខាន់ៗមួយ ហើយមួយទៀតក្នុងដំណើរស្វែងរកក្តីសុបិន៕