(ហ្សេរុយសាឡឹម)៖ ក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ Pfizer-BioNTech នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានឲ្យដឹងថាទិន្នន័យពិតប្រាកដពីប្រទេស អ៉ីស្រាអែល បានបង្ហាញថាវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) របស់ខ្លួន មានប្រសិទ្ធភាពរហូតដល់ ៩៤% ក្នុងការការពារករណីឆ្លងមិនមានរោគសញ្ញា ដែលវាអាចកាត់បន្ថយការចម្លងបានយ៉ាងច្រើនគួរឱ្យកត់សម្គាល់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលអ៉ីស្រាអែល បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយតាមរយៈសារអេឡិចត្រូនិកថា ទិន្នន័យនេះត្រូវបានបង្កើតឡើងតាមរយៈ ការតាមដានរបស់ក្រសួង។ កន្លងមក ក្រសួងសុខាភិបាលអ៉ីស្រាអែល បានរកឃើញថាវ៉ាក់សាំងប្រឆាំងវីរុស COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech បានជួយកាត់បន្ថយករណីឆ្លងជាច្រើន រួមមានករណីឆ្លងដែលមិនមានរោគសញ្ញា ៨៩.៤% និងករណីឆ្លងដែលមានរោគសញ្ញា ៩៣.៧%។ នេះគឺបានមកពីទិន្នន័យដែលប្រមូលបានចាប់ពីថ្ងៃទី១៧ ខែមករា ដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១។

ការវាយតម្លៃនេះក៏បានបង្ហាញផងដែរនូវភស្តុតាងជាក់ស្តែងអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រឆាំងនឹងវីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលមានប្រភពដើមមកពី ចក្រភពអង់គ្លេស ឬគេស្គាល់ថាជា B117 រហូតដល់ជាង ៨០%។ ប៉ុន្តែមិនមានការវាយតម្លៃអំពីប្រសិទ្ធភាពរបស់វាប្រឆាំងនឹងវីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលមានប្រភពដើមមកពីប្រទេសអាហ្វ្រិកខាងត្បូង ឬគេស្គាល់ថាជា B1351 នោះទេ ដោយសារតែករណីឆ្លងនៃវីរុសនេះមានចំនួនតិចតួចបំផុត នៅក្នុងប្រទេសអ៉ីស្រាអែល។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ ប្រជាជនអ៉ីស្រាអែល ប្រហែល ៥៥ភាគរយនៃប្រជាជនសរុប ៩លាននាក់ បានទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុស COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ (Pfizer-BioNTech) សម្រាប់ដូសដំបូងរបស់ពួកគេរួចរាល់ហើយ ខណៈប្រជាជនប្រហែល ៤៣ភាគរយទៀត ក៏បានទទួលការចាក់វ៉ាក់សាំងសម្រាប់ដូសទីពីររបស់ពួកគេរួចរាល់ហើយដែរ៕