(គែរ)៖ អាជ្ញាធរអេហ្ស៊ីបបាននិយាយថា អគ្គិភ័យដែលបានឆាបឆេះនៅរោងចក្រកាត់ដេរមួយកន្លែងស្ថិតក្បែររដ្ឋធានីគែរ(Cairo) បានសម្លាប់មនុស្សយ៉ាងហោចណាស់២០នាក់ និងរងរបួស២៤ នាក់។ នេះបើយោងតាមការចេញផ្សាយដោយ AP នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១។

អគ្គិភ័យបានឆាបឆេះរោងចក្រមួយកន្លែងមានកម្ពស់៤ជាន់ នៅស្រុកដាច់ស្រយាលមួយនៃតំបន់គែរ។ សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយរដ្ឋាភិបាលឲ្យដឹងថា ការស៊ើបអង្កេតកំពុងដំណើរការ ខណៈដែលព័ត៌មានលម្អិតអំពីហេតុការណ៍នេះ នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា រថយន្តពន្លត់អគ្គីភ័យចំនួន ១៥គ្រឿងត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីធ្វើអន្តរាគមន៍ពន្លត់អគ្គិភ័យ ខណៈរថយន្តសង្គ្រោះកំពុងដឹកជនរងគ្រោះនិងបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ៕