(បាងកក)៖ អាជ្ញាធរថៃបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ករណីឆ្លងជំងឺ COVID-19 ចំនួន ៥៨នាក់ទៀតត្រូវបានរកឃើញ ដោយក្នុងនោះ ៥៣នាក់ជាករណីឆ្លងក្នុងសហគមន៍ និង ០៥នាក់ជាករណីនាំចូល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានបាងកកប៉ុស្តិ៍ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១។

បើតាមអជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃ នៅក្នុងចំណោមករណីឆ្លងក្នុងស្រុកទាំង ៥៣ករណីនោះ ៣៦ករណីត្រូវបានធ្វើតេស្តរកឃើញ នៅក្នុងសហគមន៍រស់នៅរបស់ពួកគេផ្ទាល់ ខណៈ ១៧ករណីទៀតត្រូវបានរកឃើញ ក្នុងការធ្វើតេស្តនៅតាមមន្ទីរពេទ្យ។ ខេត្តសាមុតសាខន ស្ថិតនៅភាគនិរតីទីក្រុងបាងកក នៅតែជាតំបន់ដែលរ៉ាប់រងករណីឆ្លង ច្រើនជាងគេរហូតដល់ទៅ ៣៨នាក់ ដោយក្នុងនោះជាភាគច្រើន គឺជាពលករមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ២៦,៥៩៨ករណី ក្នុងនោះស្លាប់ ៨៥នាក់ និងជាសះស្បើយឡើងវិញ ២៦,០០០នាក់ ឬស្មើនឹង ៩៧.៧%៕