(រ៉ង់ហ្គូន)៖ នៅក្នុងថ្ងៃព្រហស្បតិ៍នេះ បាតុករចំនួន ០៦នាក់ទៀតត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិតក្នុងចលនាបាតុកម្ម ដែលកំពុងកើតមានឡើងនៅតំបន់មួយចំនួន ក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រឆាំងនឹងរបបយោធា ដែលបានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី ចេញពីអំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១។

យោងតាមសាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះ បានប្រាប់សារព័ត៌មានក្នុងស្រុកនៅមីយ៉ាន់ម៉ាថា បាតុករម្នាក់បានស្លាប់ក្នុងការបង្ក្រាប នៅសង្កាត់ដាហ្គនខាងជើង (North Dagon) នៃទីក្រុងរ៉ង់ហ្គូន ខណៈបាតុករ ០៥នាក់ទៀតបានស្លាប់នៅក្នុងក្រុង ម្យែង (Myaing) ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា។ បើតាមសាក្សីនៅទីក្រុង Myaing ដដែល បាតុករម្នាក់ទៀតបានសន្លប់បាត់ស្មារតី និងកំពុងស្ថិតក្នុងមន្ទីរពេទ្យ ដើម្បីទទួលការសង្គ្រោះបន្ទាន់។

គិតត្រឹមថ្ងៃព្រហស្បតិ៍នេះបាតុករជាង ៦០នាក់ហើយបានបាត់បង់ជីវិត និងជាង ២,០០០នាក់ទៀតរងរបួស ក្រោយកើតមានបាតុកម្មប្រឆាំងរបបយោធា ចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ដែលអន្តរជាតិចាត់ទុកថា ជារដ្ឋប្រហារយោធា ប៉ុន្តែយោធាមីយ៉ាន់ម៉ាបានប្រកែកជាច្រើនលើកថា នេះមិនមែនជារដ្ឋប្រហារនោះឡើយ។ បាតុកម្មបានកើតមានឡើងជាបន្តបន្ទាប់ ជាពិសេសនៅទីក្រុងរ៉ង់ហ្គូន (Yangon) ដែលមានប្រជាជនរស់នៅច្រើនបំផុតលំដាប់ទីមួយ និងនៅទីក្រុងម៉ាន់ដាឡាយ (Mandalay) ដែលមានប្រជាជនរស់នៅ ច្រើនបំផុតលំដាប់ទីពីរ ប្រចាំប្រទេសមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) ដែលមានសមាជិក ១៥ប្រទេស នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយថ្កោលទោសការបង្ក្រាបដោយហិង្សា ពីសំណាក់របបយោធាមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករ និងបានជំរុញឲ្យយោធា បញ្ឈប់អំពើហិង្សា និងងាកទៅដោះស្រាយបញ្ហាតាមរយៈការទូត និងកិច្ចសន្ទនា។

បន្ថែមពីនេះអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ក៏បានចោទប្រកាន់យោធាមីយ៉ាន់ម៉ាផងដែរ ពីបទប្រើប្រាស់កម្លាំងបាយប្រឆាំងនឹងក្រុមបាតុករ ហើយអង្គការនេះក៏បានគូសបញ្ជាក់ទៀតថា ការសម្លាប់មនុស្សជាច្រើនករណីនៅមីយ៉ាន់ម៉ា ត្រូវបានធ្វើឡើងនៅក្រៅប្រព័ន្ធតុលាការ៕