(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅព្រឹកថ្ងៃពុធនេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសដាក់ទណ្ឌកម្មលើកូនៗចំនួនពីរនាក់ របស់អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាលោក មីន អោង ហ្លេង (Min Aung Hlaing) និងក្រុមហ៊ុនចំនួន ០៦ ទៀតដែលពួកគេគ្រប់គ្រង ដើម្បីជាការឆ្លើយតបចំពោះរដ្ឋប្រហារ កាលពីថ្ងៃទី០១ ខែកុម្ភៈ ដែលបានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី ចេញពីអំណាច និងការបង្ក្រាបបាតុកម្មដោយហិង្សា ដែលបានបណ្តាលឲ្យ បាតុករស្លាប់រាប់សិបនាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១។

ក្រសួងរតនាគារអាមេរិកបានប្រកាសថា កូនៗស្ថិតក្នុងវ័យជំទង់របស់ អគ្គមេបញ្ជាយោធាមីយ៉ាន់ម៉ា ដែលត្រូវបានដាក់បញ្ចូលឈ្មោះទៅក្នុងបញ្ជីខ្មៅនោះ គឺទីមួយមានឈ្មោះ អោង ព្យែ សន (Aung Pyae Sone) និងម្នាក់ទៀតឈ្មោះ ឃីន ស៊ីរី ថេត មន (Khin Thiri Thet Mon)។ ដោយឡែករដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងខិន (Antony Blinken) វិញក៏បានព្រមានថា ទណ្ឌកម្មបន្ថែមទៀតនឹងត្រូវដាក់ចេញផងដែរ ដើម្បីឆ្លើយតបនឹងការចាប់ឃុំខ្លួនបាតុករជាង ១,៧០០នាក់ និងការបង្ក្រាបបាតុករ ដែលបានបណ្តាលឲ្យពួកគេជាង ៥០នាក់ស្លាប់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Blinken បាននិយាយថា «យើងនឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការចាត់វិធានការបន្ថែមទៀត ប្រឆាំងនឹងអ្នកដែលបង្កអំពើហិង្សា និងបំផ្លាញឆន្ទៈរបស់ប្រជាជន»។ នេះជាទណ្ឌកម្មថ្មីៗបន្ថែមទៀត របស់សហរដ្ឋអាមេរិក ដែលត្រូវបានដាក់ទៅលើរបបយោធាមីយ៉ាន់ម៉ា ហើយសម្រាប់បុគ្គល និងក្រុមហ៊ុននានា ដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅនេះហើយ គឺនឹងត្រូវបង្កកទ្រព្យសម្បត្តិទាំងអស់របស់ពួកគេ ដែលមាននៅសហរដ្ឋអាមេរិក ខណៈជនជាតិ និងក្រុមហ៊ុនអាមេរិកនានា នឹងមិនអាចធ្វើទំនាក់ទំនងពាណិជ្ជកម្ម ជាមួយបុគ្គល ឬក្រុមហ៊ុនដែលមានឈ្មោះក្នុងបញ្ជីខ្មៅនោះឡើយ៕