(សេអ៊ូល)៖ ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងនៅថ្ងៃពុធនេះថា រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Anthony Blinkin និងរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin នឹងធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូងនៅសប្តាហ៍ក្រោយនេះ សម្រាប់កិច្ចប្រជុំ«ពីរបូកពីរ»ជាមួយសមភាគីកូរ៉េខាងត្បូង ខណៈដែលប្រទេសសម្ព័ន្ធមិត្តទាំងពីរកំពុងស្វែងរកការសម្របសម្រួលគ្នា លើការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនិងបញ្ហាផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១។

លោក Blinken និងលោក Austin គ្រោងនឹងទៅដល់ទីក្រុងសេអ៊ូលនៅថ្ងៃពុធសប្តាហ៍ក្រោយ បន្ទាប់ពីដំណើរទស្សនៈកិច្ចនៅប្រទេសជប៉ុន ដែលជាផ្នែកមួយនៃដំណើរទស្សនៈកិច្ចនៅទ្វីបអាស៊ីលើកដំបូងរបស់ពួកគេ ចាប់តាំងពីរដ្ឋបាលលោក Joe Biden បានឡើងកាន់អំណាចកាលពីថ្ងៃទី២០ ខែមករាកន្លងទៅ។ មួយថ្ងៃក្រោយមកពួកគេនឹងចូលរួមក្នុងកិច្ចប្រជុំរួមគ្នាជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូងលោក Chung Eui-yong និងរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Suh Wook។

កិច្ចប្រជុំខាងលើនេះ កើតឡើងចំពេលមានបញ្ហាជាច្រើនដែលមិនទាន់ដោះស្រាយរួចរាល់ ក្នុងនោះរួមទាំងបញ្ហាការទូតនុយក្លេអ៊ែរដែលបានជាប់គាំងជាមួយទីក្រុងព្យុងយ៉ាង និងបញ្ហាយឺតយ៉ាវនៃការផ្ទេរការគ្រប់គ្រងប្រតិបត្តិការពេលសង្គ្រាមទាំងស្រង់(OPCON) ពីសហរដ្ឋអាមេរិកទៅកូរ៉េខាងត្បូងវិញ។

របៀបវារៈនៅក្នុងកិច្ចប្រជុំនាពេលខាងមុខនេះ អាចរួមបញ្ចូលទាំងការបង្កើតកម្លាំងចលករថ្មីដើម្បីភ្ជាប់ទំនាក់ទំនងជាមួយកូរ៉េខាងជើង និងជំរុញកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរដែលកំពុងជាប់គាំង ព្រមទាំងការពន្លឿនដំណើរការនៃការផ្ទេរការគ្រប់គ្រងប្រតិបត្តិការពេលសង្គ្រាមទាំងស្រង់(OPCON) ក៏ដូចជាការធ្វើឲ្យសម្ព័ន្ធមិត្តមានភាពរឹងមាំឡើងវិញ ដើម្បីដោះស្រាយបញ្ហាពិភពលោក ដូចជាការបម្រែបម្រួលអាកាសធាតុនិងការគំរាមកំហែងតាមប្រពន្ធអ៊ីនធឺណិតជាដើម។

គួរបញ្ជាក់ថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកលើកនេះ ទីក្រុងសេអ៊ូលនិងវ៉ាស៊ីនតោនក៏អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការមួយជាមួយគ្នា ដើម្បីចែករំលែកថ្លៃដើមនៃការឈរជើងរបស់កងទ័ពអាមេរិកចំនួន២៨,៥០០នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ ដើម្បីបង្ហាញពីចេតនាពិតប្រាកដក្នុងការពង្រឹងសម្ព័ន្ធមិត្ត៕