(វ៉ារស្សាវ៉ា)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសប៉ូឡូញបានរាយការណ៍ឲ្យដឹងថា ករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ១៧,២៦០ករណីបន្ថែមទៀត ត្រូវបានកត់ចូលក្នុងរបាយការណ៍ថ្ងៃពុធ ទី១០ ខែមីនានេះ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២០មក ខណៈដែលប្រទេសនេះកំពុងប្រឈមនឹងឆ្លងរលកទីបី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

អ្នកនាំពាក្យក្រសួងសុខាភិបាលនៅថ្ងៃពុធនេះបាននិយាយថា ៣០ភាគរយនៃអ្នកដែលបានធ្វើតេស្តវិជ្ជមាន គឺមានវីរុសបំប្លែងខ្លួនថ្មីរបស់ចក្រភពអង់គ្លេស ខណៈដែលកម្រិតខ្ពស់បំផុតនៃអត្រាឆ្លងរីករាលដាល ត្រូវបានគេរំពឹងថានឹងកើតមាននៅចុងខែមីនា ឬដើមខែមេសា។

លោក Wojciech Andrusiewicz បានលើកឡើងយ៉ាងដូច្នេះថា «ថ្ងៃនេះយើងនឹងមិនទាន់ឈានដល់ ២០,០០០ករណីក្នុងមួយថ្ងៃទេ ប៉ុន្តែនេះមិនមានន័យថាយើងនឹងមិនឈានដល់កម្រិតនេះ នៅប៉ុន្មានថ្ងៃខាងមុខនោះទេ»

មន្ត្រីរដ្ឋាភិបាលបានគូសបញ្ជាក់ថា វិធានការរឹតត្បិតថ្មីអាចនឹងត្រូវប្រកាសនៅចុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា ប្រទេសប៉ូឡូញបានចាត់វិធានការតឹងរឹងរួចទៅហើយចំពោះការជួបជុំគ្នា សាលារៀនភាគច្រើនត្រូវបានបិទទ្វារ ហើយភោជនីយដ្ឋានអាចបម្រើតែអាហារសម្រាប់ការដឹកជញ្ជូនប៉ុណ្ណោះ។ រហូតមកទល់ពេល ប្រទេសអឺុរ៉ុបមួយនេះមានករណីឆ្លង COVID-19 សរុបជាង ១.៨លានករណី ក្នុងនោះស្លាប់ ៤៥,៩៩៧នាក់៕