(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណ (ក្រសួងការពារជាតិអាមេរិក) បានឱ្យដឹងនៅល្ងាចថ្ងៃអង្គារសប្ដាហ៍នេះថា មន្ទីរបញ្ចកោណ បានសម្រេចចិត្តរក្សាទុកកងកម្លាំងឆ្មាំជាតិជិត ២,៣០០នាក់ ឲ្យបន្តឈរជើងនៅវិមានសភាអាមេរិក (U.S. Capitol) រហូតដល់ថ្ងៃទី២៣ ខែឧសភា ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ចន ឃើប៊ី (John Kirby) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើសំណើនេះ និងបន្ទាប់ពីមានការពិចារណាយ៉ាងល្អិតល្អន់ អំពីផលប៉ះពាល់ដែលអាចកើតមាន។ លោក Kirby បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា៖ «វាមិនមែនគ្រាន់តែធ្វើឡើង ដោយការវាយតម្លៃលើការគំរាមកំហែងនោះទេ ប៉ុន្តែវាធ្វើឡើងដើម្បីជួយគាំទ្រដល់សមត្ថភាពប៉ូលិសនៅវិមានសភាផងដែរ»

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានកងកម្លាំងឆ្មាំជាតិប្រមាណ ៥,១០០នាក់ ដែលកំពុងឈរជើងនៅវិមានសភាអាមេរិក ខណៈដំបូងឡើយ ការដាក់ពង្រាយរបស់ពួកគេ ត្រូវរំពឹងថានឹងបញ្ចប់នៅសប្តាហ៍នេះហើយ។ បន្ទាប់ពីមានកុបកម្មដ៏ក្រើកនៅវិមានសភាអាមេរិក ដែលបានសម្លាប់មនុស្ស០៥នាក់ កាលពីថ្ងៃទី០៦ ខែមករាកន្លងទៅនេះ ដោយក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កងកម្លាំងឆ្មាំជាតិជាច្រើនាក់ មកពីគ្រប់ទិសទីទូទាំងសហរដ្ឋអាមេរិក ត្រូវបានដាក់ពង្រាយនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីភ្លាមៗ គឺរហូតដល់២៦,០០០នាក់ឯណោះ៕