(ណៃពិដោ)៖ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ានៅថ្ងៃពុធនេះ បានបើកប្រតិបត្តិការបង្ក្រាបបន្ថែមទៀត ទៅកាន់ទីស្នាក់ការនៃបុគ្គលិក បម្រើការក្នុងវិស័យផ្លូវដែក ដែលបានចូលរួមសកម្មភាពប្រឆាំងនឹងយោធា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១។

បុគ្គលិកបម្រើការក្នុងវិស័យផ្លូវដែក នៅទីក្រុងរ៉ង់ហ្គូនខាងលើ បានចូលរួមក្នុងចលនាតវ៉ាដោយសន្តិវិធី ដែលបានបង្កការរាំងស្ទះដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា និងរួមមានទាំងសកម្មភាពធ្វើកូដកម្ម នៅតាមធនាគារ រោងចក្រ និងហាងលក់ទំនិញជាដើមផងដែរ ដើម្បីប្រឆាំងចំពោះយោធាមីយ៉ាន់ម៉ា ដែលបានទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី តាមរយៈរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ កន្លងទៅនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប៉ូលិសមីយ៉ាន់ម៉ាបានចាត់វិធានការ លើស្ថាប័នព័ត៌មានផងដែរ ដោយបានចូលលុកលុយការិយាល័យរបស់ អង្គភាពព័ត៌មានចំនួន ០២ ហើយឃាត់ខ្លួនអ្នកកាសែត ០២រូប។ យោងតាមសារព័ត៌មាន Myanmar Now បើគិតចាប់ពីថ្ងៃទី០១ ខែកុម្ភៈ មកទល់ថ្ងៃទី១០ ខែមីនានេះ អ្នកកាសែតយ៉ាងតិច ៣៥នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះ ១៩នាក់ត្រូវបានដោះលែងវិញ៕