(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech បានអះអាងថា ការជំរុញកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរនេះ អាចឲ្យពួកគេបង្កើនសមត្ថភាពផលិតវ៉ាក់សាំងបង្ការ COVID-19 រហូតដល់ចំនួន ០៣ពាន់លានដូសនៅក្នុងឆ្នាំ២០២២ ខាងមុខ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bloomberg នាព្រឹកថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១។

នាយកប្រតិបត្តិក្រុមហ៊ុនអាល្លឺម៉ង់ BioNTech លោក អ៊ូហ្គួរ សាហ៊ីន (Ugur Sahin) បានគូសបញ្ជាក់ប្រាប់ Bloomberg ទៀតថា ក្រុមហ៊ុនទាំងពីរអាចបង្កើនសមត្ថភាព ក្នុងការផលិតវ៉ាក់សាំង COVID-19 ទៅបាន លុះត្រាណាតែតម្រូវការ និងការគាំទ្រផ្សេងៗទៀតកើនឡើងដូចគ្នា។ កាលពីខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុនអាមេរិក Pfizer ធ្លាប់បានអះអាងថា ក្រុមហ៊ុនទាំងពីរនេះនឹងផលិតវ៉ាក់សាំង COVID-19 ឲ្យបានចំនួន ០២លានដូសនៅក្នុងឆ្នាំ២០២១ នេះតែម្តង។

គួរបញ្ជាក់ថា សម្រាប់ផលិតផលរបស់ក្រុមហ៊ុន Pfizer-BioNTech គឺបាននិងកំពុងដាក់ឲ្យប្រើប្រាស់ ជាចម្បងនៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ខណៈសហរដ្ឋអាមេរិកបច្ចុប្បន្នមានវ៉ាក់សាំងចំនួន ០៣ឯណោះ ដែលត្រូវបានអនុម័តឲ្យប្រើនោះគឺ Pfizer-BionNTech, Moderna និង Johnson & Johnson។ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ប្រជាជនអាមេរិក ៩១លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ក្នុងនោះ ៦០លាននាក់់ទទួលបានការចាក់ដូសដំបូង និង៣១លាននាក់ទៀត ទទួលបានពីរដូសរួចរាល់៕