(វ៉ាស៊ីនតោន)៖ មេទ័ពកំពូលម្នាក់នៃសហរដ្ឋអាមេរិកបានអះអាងថា យ៉ាងហោចណាស់ ០៦ឆ្នាំទៀត (ឆ្នាំ២០២៧) ចិនអាចនឹងវាយប្រហារកោះតៃវ៉ាន់ ដែលជំហានបែបនេះ គឺស្ថិតនៅក្នុងគោលដៅ ធ្វើឲ្យអំណាចយោធាអាមេរិក នៅអាស៊ីចុះទន់ខ្សោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១។

លោកឧត្តមនាវី ហ្វីលីព ដេវីដសុន (Philip Davidson) មេបញ្ជាការកងទ័ពជើងទឹកអាមេរិក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំព្រួយបារម្ភថាពួកគេ (ចិន) កំពុងតែបង្កើនមហិច្ឆតា ដើម្បីចូលមកជំនួសសហរដ្ឋអាមេរិក និងភាពជាអ្នកដឹកនាំរបស់យើង នៅក្នុងការអនុវត្តច្បាប់ និងរក្សាសណ្តាប់ធ្លាប់អន្តរជាតិ... គឺនៅឆ្នាំ២០៥០...»

លោក ហ្វីលីព ដេវីដសុន បានសង្កត់ធ្ងន់ប្រាប់គណៈកម្មាធិការមួយ នៃព្រឹទ្ធសភាអាមេរិកថា «កោះតៃវ៉ាន់ គឺពិតណាស់ថា ស្ថិតនៅក្នុងចំណោមមហិច្ឆតាមួយរបស់ពួកគេ។ ខ្ញុំគិតថា ការគំរាមកំហែងនឹងអាចកើតឡើង នៅក្នុងទសវត្សរ៍នេះ... ហើយអ្វីដែលជាការពិត... គឺយ៉ាងហោចណាស់នៅរយៈពេល ០៦ឆ្នាំខាងមុខ»

គួរបញ្ជាក់ថា កោះតៃវ៉ាន់បានផ្តាច់ខ្លួនចេញពីចិន ក្រោយសង្គ្រាមស៊ីវិលមួយបានបិទបញ្ចប់ កាលពីឆ្នាំ១៩៤៩។ ដោយឡែកទីក្រុងវ៉ាស៊ីនតោន បានលែងទទួលស្គាល់កោះតៃវ៉ាន់ ហើយងាកមកទទួលស្គាល់ «នយោបាយចិនតែមួយ» វិញនៅឆ្នាំ១៩៧៩ ដែលប្រការនេះ គឺស្មើនឹងការទទួលស្គាល់ថា តៃវ៉ាន់ត្រឹមតែជាខេត្តមួយ របស់ប្រទេសចិនប៉ុណ្ណោះ។

ចំពោះការលើកឡើងពីសំណាក់ មេទ័ពជើងទឹកអាមេរិកថា ចិននឹងវាយប្រហារកោះតៃវ៉ាន់នៅឆ្នាំ២០២៧នោះ គេនៅមិនទាន់ឃើញមានការឆ្លើយតបណាមួយ ពីសំណាក់ចិននៅឡើយទេ៕