(ហាវ៉ៃ)៖ ភ្លៀងធ្លាក់ខ្លាំងបានបណ្ដាលឱ្យធ្លាយទំនប់ទឹកមួយ ដែលស្ថិតនៅលើកោះ ម៉ាវី (Maui) នៃរដ្ឋហាវ៉ៃ (Hawaii) ដែលជំរុញឱ្យអាជ្ញាធរនៃរដ្ឋនោះ បើកទីជម្រកបណ្តោះអាសន្ន ដើម្បីទទួលមនុស្សដែលត្រូវបានបញ្ជាឲ្យជម្លៀស ចេញពីតំបន់កំពុងប្រឈមមុខបញ្ហា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១។

មន្ត្រីគ្រប់គ្រងគ្រាអាសន្នរបស់រដ្ឋបានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបានធ្វើឱ្យទំនប់ទឹក កៅផាកាលួ (Kaupakalua) ដែលស្ថិតនៅតំបន់ភាគខាងជើងនៃកោះ ហៃឃូ (Haiku) ឡើងដល់ចំណុចកំពូលរហូតដល់ទំនប់ទឹកនោះ បានធ្លាយចេញទឹកជាបណ្ដើរៗ។

មន្ត្រីគ្រប់គ្រងអាកាសធាតុនៃទីក្រុងហូណូលូលូ (Honolulu) បានគូសបញ្ជាក់បន្ថែមថា «ការធ្លាយទំនប់ទឹកនេះ នឹងបង្កឱ្យមានគ្រោះទឹកជំនន់ ដែលគំរាមកំហែងដល់អាយុជីវិត ក៏ដូចជាធ្វើឱ្យខូចខាតដល់ទ្រព្យសម្បត្តិសំខាន់ៗជាច្រើន នៅតាមតំបន់ខ្សែទឹកខាងក្រោមនោះផងដែរ»។

អភិបាលរដ្ឋហាវ៉ៃ លោក ដាវីដ អ៊ីជ (David Ige) បានសរសេរសារបង្ហោះនៅលើគណនីបណ្ដាញសង្គម Twitter របស់លោក កាលពីល្ងាចថ្ងៃចន្ទដើមសប្ដាហ៍នេះថា «ទំនប់ទឹក Kaupakalua បានធ្លាយទឹកចេញជាបណ្ដើរៗហើយ។ ផ្ទះសម្បែងប្រមាណ ០៦ខ្នងត្រូវបានបំផ្លិញបំផ្លាញទាំងស្រុង បន្ទាប់ពីទំនប់ទឹកនោះបានធ្លាយ និងជន់លិចតំបន់នោះ ដែលជំរុញឱ្យអាជ្ញាធរបើកជម្រកបណ្តោះអាសន្នមួយ នៅមជ្ឈមណ្ឌលសហគមន៍ ផៃយ៉ា (Paia) និងវិទ្យាល័យ ហាណា (Hana)។

គួរបញ្ជាក់ថា ទំនប់ទឹកនោះត្រូវបានសាងសង់ឡើង នៅក្នុងឆ្នាំ១៨៨៥ ហើយវាមានកំពស់ ១៧.៤ម៉ែត្រ និងប្រវែង ១២២ម៉ែត្រ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនធារាសាស្រ្ត Maui ខាងកើត៕